សម្ដេចតេជោ ហ៊ុន សែន សម្ដែងការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន
ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤
RNK ភ្នំពេញថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរំលែកទុក្ខ សេចក្តីអាណិតអាសូរនិងការសោកស្តាយ ចំពោះ សោកនាដកម្ម ការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ដែលបានកើតមានអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ក្នុងការអនុញ្ញាតឱ្យ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន ចូលជួបសន្ទនាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។
សម្តេចបានរំលឹកពីការជួបតាមទូរស័ព្ទចំនួន ២ ដងជាមួយ ឯកឧត្តម ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរផងដែរ ។ សម្តេចបានស្នើសុំ ឯកឧត្តម ប្រធានសភា ពាំនាំនូវការគោរព និង ការផ្តាំសួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតី ហ្សេឡិនស្គីផង ។
ឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេច ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូ នាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ និងចូលរួមដល់កិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន ។
ឯកឧត្តម ប្រធានសភា បានអរគុណសម្តេច ចំពោះពាក្យពេចន៍ប្រកបដោយសមានចិត្ត និងកក់ក្តៅ ដល់ប្រជាជន អ៊ុយក្រែន និង បានបញ្ជាក់ថានឹងពាំនាំ ការសួរសុខទុក្ខ របស់សម្តេច ដល់ ឯកឧត្តមប្រធានាធិបតី ហ្សេឡិនស្គី ។
ឯកឧត្តម ប្រធានសភា បានលើកឡើងនូវប្រធានបទបី ជូនសម្តេចតេជោ ។ ទី១. ប្រទេសអ៊ុយក្រែនបានលើក រូបមន្ត១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និង អំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាព នៅអ៊ុយក្រែន ឯកឧត្តម បានលើកឡើងថា កូនប្រុសរបស់សម្តេច ដែលជានាយករដ្ឋមន្ត្រី អាចចូលក្នុងកិច្ចប្រជុំ កំពូលនេះ ដែលមានសារៈសំខាន់ណាស់សម្រាប់ អ៊ុយក្រែន និងពិភពលោក ។
ទី២. ការដោះមីន នៅ អ៊ុយក្រែន សំខាន់ណាស់ ។ កម្ពុជា មានបទពិសោធន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ខាងដោះមីន និង ឯកឧត្តម សុំការគាំទ្ររបស់សម្តេច និង ទន្ទឹងរង់ចាំ កម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែន ។
ទី៣. នៅក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន ឯកឧត្តម ប្រធានសភា សុំអញ្ជើញសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និង សុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិង សូមអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា រីឯ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុក ជូនរាជរដ្ឋាភិបាល សម្រេច ។
សម្តេច កត់សម្គាល់ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។
សម្តេច បានជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេស អ៊ុយក្រែន ឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខ ។
សម្តេចបានមានប្រសាសន៍ថា ជំពោះការស្នើឱ្យមានអ្នកដោះមីនកម្ពុជា នៅអ៊ុយក្រែន សម្តេចមានការសោកស្តាយ ដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាត ឱ្យបញ្ជូនកងកម្លាំងដោះមីន ក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។ សម្តេចបន្ថែមថា កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះ បណ្តាល អ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន ។ សម្តេចបានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនបន្តទៀត ដោយសហការជាមួយនឹងជប៉ុន ។
ចំពោះការអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងផ្តល់ ចម្លើយក្នុងពេលសមស្របណាមួយ ៕