ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ការពង្រឹងការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ ចំនួន៥

ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ការពង្រឹងការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ ចំនួន៥
ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤
APP MoINFO

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការពង្រឹងការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ត្រូវផ្ដោតលើចំណុចសំខាន់ៗ ចំនួន៥៖

ទី១.ទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវពង្រឹងមុខងារស្នូលគឺជាស្ថាប័នសម្របសម្រួលត្រួតពិនិត្យ និងវាយតម្លៃការតាក់តែង, ការធ្វើវិសោធនកម្ម, និរាករណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាសេនាធិការ តាមរយៈការបង្កើតប្រព័ន្ធការងារដែលមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ទី២.គ្រប់ក្រសួង-ស្ថាប័ន ត្រូវអនុវត្ដវិធីសាស្រ្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ តាមរយៈការបង្កើនការយកចិត្ដដាក់លើការចូលរួមពីភាគីពាក់ព័ន្ធ, ការពិគ្រោះយោបល់ជាសាធារណៈ, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា ដើម្បីធានាដល់តម្លាភាពនៃការអភិវឌ្ឍបទប្បញ្ញត្តិ ព្រមទាំងអនុវត្ដលិខិតបទដ្ឋានគតិយុត្ដ ប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ទី៣. គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹង និងបង្កើនសមត្ថភាពរបស់អង្គភាព និងធនធានមនុស្ស ដែលមានសមត្ថភាពស្វែងយល់អំពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ, ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា និងការវិភាគសេដ្ឋកិច្ច និងសង្គម។

ទី៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរផ្ដោតការយកចិត្ដទុកដាក់ក្នុងការវិភាជថវិកាគ្រប់គ្រាន់សម្រាប់ក្រសួង ស្ថាប័ន ដើម្បីធានាដល់ការអនុវត្ដការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិតាមបណ្ដាក្រសួង ស្ថាប័នទាំងអស់។

និងទី៥. និងទី៥. គ្រប់ក្រសួង-ស្ថាប័ន ត្រូវពង្រឹងយន្ដការសម្រេចចិត្ដបទប្បញ្ញត្តិដោយផ្អែកលើវិទ្យាសាស្រ្ដ ដើម្បីធានាថារាល់ការតាក់តែងសេចក្ដីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយបែបវិទ្យាសាស្រ្ដផ្ដល់នូវសង្គតិភាព, និងភាពដែលអាចប៉ាន់ប្រមាណបាននូវលទ្ធផលនៃច្បាប់, លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយទាំងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃជារួមថា ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិទាមទារឱ្យមានការចូលរួម និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ,ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងអនុលោមតាមនិយាមស្ដង់ដាអន្ដរជាតិ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយនានា។

Leave a Reply

Your email address will not be published. Required fields are marked *