ឯកឧត្ដម នេត្រ ភក្រ្ដា៖ ក្នុងសម័យសន្តិភាពប្រជាជនកម្ពុជាបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក៏ជាការនាំកម្ពុជាឱ្យពិភពលោកបានស្គាល់
ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤–ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងសម័យសន្តិភាពប្រជាជនបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈកញ្ចក់ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីសក្តានុពលដែលប្រទេសកម្ពុជាមាន។ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកញ្ចក់ Camera របស់អ្នកថតរូប គឺជាការនាំប្រទេសកម្ពុជាឱ្យប្រជាជនខ្លួនឯងបានស្គាល់ច្បាស់ ហើយជាការនាំប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត និងផ្តល់ជាការកម្សាន្តថែមទៀតផងដែរ ។ ឯកឧត្ដមបានថ្លែងថា ជាមួយនឹងការថតរូបនេះ ធ្វើឱ្យគេស្គាល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្គាល់ពីប្រពៃណីទំនៀមទម្លាប់នៅតាមមូលដ្ឋាន ហើយក៏បានចូលរួមក្នុងការអភិរក្សប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងបានដឹងឃើញពីទំនៀមទម្លាប់ផ្សេងទៀតផងដែរ ។