គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើនគួរជាទីមោទនៈ
ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។ សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្តែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈ របស់រាជរដ្ឋាភិបាល នៃបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការប្តេជ្ញាបន្តកំណត់យក ការលើកស្ទួយសុខុមាលភាព និង ជីវភាពរបស់ប្រជាពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយសម្តេចបវរធិបតីនៅតែបន្តប្ដូរផ្ដាច់ដឹកនាំនាវាគាំពារសង្គមកម្ពុជា ដោយធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងគោលបំណងឱ្យពលរដ្ឋកម្ពុជានឹងទទួលបានការគាំពារកាន់តែប្រសើរជាងមុន, រាជរដ្ឋាភិបាលកំណត់អភិក្រមថ្មី គឺអភិក្រមហានិភ័យនៃវដ្តជីវិត ដែលពលរដ្ឋនឹងទទួលបាននូវការគាំពារ ចាប់ពីការចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្សម្នាក់ៗ ស្របតាមហានិភ័យនៃវដ្តជីវិតទាំង ៧ រួមមាន៖ ១/ មាតុភាព និងហានិភ័យកុមារភាព, ២/ ហានិភ័យសុខភាព, ៣/ ហានិភ័យការងារ, ៤/ ពិការភាព, ៥/ និកម្មភាព, ៦/ ភាពគ្មានជម្រក និង ៧/ ជរាភាព និងឧត្តរជីវី។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ ដល់ក្រសួង-ស្ថាប័ន ដើម្បីជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០២៥៖
១. ក្រសួងសុខាភិបាល ត្រូវធានាថា ពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបានទាន់ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្ដល់កម្មវិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ។