ព័ត៌មានជាតិ

ឱកាស​ការងារ និង​កម្មសិក្សា​ការងារ១៤៥០កន្លែង រង់ចាំសិស្ស និស្សិត និ​ងអ្នក​ស្វែង​រក​ការងារនៅថ្ងៃទី២៥ ខែកក្កដា

ឱកាស​ការងារ និង​កម្មសិក្សា​ការងារ១៤៥០កន្លែង រង់ចាំសិស្ស និស្សិត និ​ងអ្នក​ស្វែង​រក​ការងារនៅថ្ងៃទី២៥ ខែកក្កដា
ចេញផ្សាយ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៤ ក្រុមហ៊ុនធំៗចំនួន ១៧ នឹងផ្តល់​ឱកាសការងារ ក៏ដូចជា​កម្មសិក្សា​ការងារ ចំនួន ១៤៥០​កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែង​រកការងារ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។នេះបើយោងតាមទីភ្នាក់ងារជាតិមុខរបរ និង​ការងារ នៃក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បានបញ្ជាក់ថា វេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះជាកិច្ចសហការជាមួយ សាកល​​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ភាពងាយស្រួលដល់​យុវជន សិស្ស/និស្សិត ក្នុងការដាក់ពាក្យស្វែងរកការងារ និងសម្ភាសការងារជាមួយតំណាង​ក្រុមហ៊ុនធំៗនៅមួយ​កន្លែងភ្លាមៗតែម្តង។

របាយការណ៍របស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បាន​ឱ្យដឹងថា នៅចុងខែកក្កដា នេះ កម្ពុជាមានឱកាសការងារ​សរុបចំនួន ៥៣ ៧៦១កន្លែង ក្នុងនោះវិស័យ​ឧស្សាហកម្ម​មានចំនួន ៤៤១៤៦កន្លែង, សេវាកម្ម ៤៧២៩កន្លែង និង​វិស័យ​កសិកម្ម ៤៨៨៦កន្លែង។

ចំណែកតំបន់ដែលមានតម្រូវការ​កម្លាំងពលកម្មច្រើនជាងគេវិញ រួមមាន ខេត្តកំពង់ស្ពឺ ត្រូវការ​កម្លាំងពលកម្ម​ចំនួន ១១ ៦២០កន្លែង, រាជធានីភ្នំពេញ ចំនួន ១០ ៧៣៣កន្លែង, ខេត្តកំពង់ឆ្នាំង ១០ ៣០០កន្លែង, ខេត្តស្វាយរៀង ៩០៦១កន្លែង, ខេត្តតាកែវ ៣៩១០កន្លែង, ខេត្តរតនគិរី ៣១៨៦កន្លែង, ខេត្តក្រចេះ ១៥០០កន្លែង, ខេត្តកណ្តាល ១១១០កន្លែង, ខេត្តបន្ទាយមានជ័យ ៨១១កន្លែង, ខេត្តកំពង់ចាម ៣៤២កន្លែង និងខេត្តផ្សេងៗ ១១៨៨កន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *