រដ្ឋមន្រ្តីក្រសួងអប់រំ ចែករំលែកគន្លឹះពីរបៀបរៀនត្រៀមដើម្បីប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេសល្អ
ចេញផ្សាយ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤
ខណៈពេលសម័យប្រឡងបាក់ឌុបនៅសល់ប្រមាណពីរខែឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានចែករំលែកបទពិសោធន៍ថា ដើម្បីប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេសល្អ សិស្សានុសិស្សត្រូវ ទី១. ចូលរួមរៀនថ្នាក់បំប៉នបន្ថែម ទី២. ត្រូវចេះសង្ខេបមេរៀន និងរំលឹកមេរៀន ទី៣. ធ្វើលំហាត់ឱ្យច្រើន និងទី៤.ថែរក្សាសុខភាពឱ្យល្អ។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ក្នុងដំណាក់កាលនេះ សិស្សមិនមានពេលវេលាច្រើនសម្រាប់មើលមេរៀនទាំងអស់គ្រប់មុខវិជ្ជានោះទេ ដូច្នេះ សិស្សានុសិស្សត្រូវត្រៀមសៀវភៅមួយសម្រាប់សង្ខេបមេរៀនទៅតាមមុខវិជ្ជា និងមេរៀនសំខាន់ៗដែលអាចទទួលបានពិន្ទុច្រើន។
ឯកឧត្តមបណ្ឌិតបន្តថា នៅសល់រយៈពេល ២ខែទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលបានខិតខំរៀនអស់១២ឆ្នាំ ហើយបើបូកបញ្ចូលទាំងថ្នាក់មត្តេយ្យទៀត អាច១៣ ទៅ១៤ឆ្នាំ ដែលវាក៏ជាការវិនិយោគដ៏ច្រើនរបស់ឪពុកម្ដាយផងដែរ។ ដូច្នេះ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីជោគជ័យក្នុងការប្រឡងបាក់ឌុបថ្ងៃខាងមុខ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា សម្រាប់មុខវិជ្ជាអក្សរសាស្រ្តខ្មែរ ត្រូវផ្ដោតលើតែងសេចក្ដី។ ដូច្នេះ សិស្សានុសិស្សត្រូវមើលអំពីរបៀបតែងសេចក្ដី ដោយស្វែងរកវិញ្ញាសាណាមួយយកមករៀនសរសេរខ្លួនឯង។ បើប្រធានបទប្រឡងចេញមក ត្រូវសរសេររបៀបណា? ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ដើម្បីតែងសេចក្ដីបានល្អ សិស្សានុសិស្សត្រូវចេះពន្យល់ពាក្យគន្លឹះសំខាន់ៗ, ពន្យល់ប្រធានវិញ្ញាសា, ចេះប្រើឃ្លាភ្ជាប់សេចក្ដី, វែកញែកប្រធាន ដោយលើកឧទាហរណ៍មកបញ្ជាក់ (ធម្មតាត្រូវមានមតិស្រប មតិផ្ទុយ) និងសំយោគមតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា សិស្សានុសិស្សត្រូវអានប្រធានឱ្យយល់ ហើយត្រូវចាំថា ក្នុងប្រធានតែងសេចក្ដីមួយ អាចមានការពន្យល់ពាក្យយ៉ាងតិច មួយឬពីរ ហើយត្រូវចេះសរសេរឃ្លាភ្ជាប់ បន្ទាប់មកបកស្រាយពន្យល់មតិស្រប ហើយលើកឧទាហរណ៍អក្សរសិល្ប៍មកបញ្ជាក់ រួចទើបចូលមតិផ្ទុយ បកស្រាយពន្យល់មតិផ្ទុយ ហើយលើកឧទាហរណ៍អក្សរសិល្ប៍មកបញ្ជាក់តាមដែលយើងអាចរកនឹកឃើញ។ បន្ទាប់មក ត្រូវចេះធ្វើសំយោគ និងចុងក្រោយគឺសេចក្ដីសន្និដ្ឋាន។ បើសិស្សានុសិស្ស អាចធ្វើបែបនេះបាន នឹងទទួលបានពិន្ទុ ហើយសិស្សានុសិស្សក៏មិនមានពេលច្រើនទៀតទេ គឺត្រូវចេះសរសេរទៅតាមក្បួនសរសេរតែងសេចក្ដី។
សម្រាប់មុខវិជ្ជាគណិតវិទ្យាវិញ សិស្សានុសិស្សត្រូវមើលប្រធានវិញ្ញាសាដែលធ្លាប់ចេញប្រឡងឆ្នាំមុនៗ និងរៀនធ្វើឱ្យចេះស្ទាត់ គឺអាចរាប់បានថាសង្ឃឹមប្រឡងជាប់បាន៤០% ។ មុខវិជ្ជាគណិតវិទ្យា មានមេរៀនច្រើន អាចចេញមេរៀននេះ ឬចេញមេរៀននោះ ប៉ុន្តែអ្នកចេញវិញ្ញាសាតែងតែរក្សាទុកមេរៀនសំខាន់ៗ ដូច្នេះ សិស្សានុសិស្សត្រូវមើលមេរៀនណាសំខាន់ៗ ព្រោះអាចចេញប្រឡងរាល់ឆ្នាំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា បើធ្វើលំហាត់កាន់តែច្រើន កាន់តែចាំរូបមន្ត ប្រសិនមិនធ្វើលំហាត់ច្រើនទេ មិនអាចចាំរូបមន្តទេ។ កាលណាចាំរូបមន្តហើយកុំឱ្យភ្លេច ត្រូវសរសេរឱ្យបានច្រើន ព្រោះការសរសេរជួយឱ្យចងចាំជាងការទន្ទេញចាំមាត់ ហើយក៏ត្រូវមើលមេរៀនសំខាន់ៗផ្សេងទៀតផងដែរ។