កិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍លេខ ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
ព្រៃវែង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍លេខ ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដែលមានការអញ្ជើញចូលរួម លោក ប៉ូ ឬទ្ធី ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ត ព្រមទាំងមន្រ្តីជំនាញមន្ទីរអង្គភាពនានាជុំវិញខេត្តចូលរួមយ៉ាងច្រើនកុះករ
លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖ អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ សារាចរស្តីពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ កាលពីខែមករា ឆ្នាំ ២០២៤ ដែលក្នុងនោះ បានកំណត់អំពីពេលវេលានៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ សាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ និង ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៥- ២០២៧ សម្រាប់ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចររួមតែមួយ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចនៅដើមខែ ខុសភា។
ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ និងក្របខ័ណ្ឌ ថវិកា រយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧, សារាចរស្តីពីការៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥ ២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានដាក់ ចេញ ដើម្បីផ្តល់មគ្គុទ្ទេសបច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង-ស្ថាប័ន, មន្ទីរ ជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង-ស្ថាប័ននីមួយៗ ព្រមទាំង រដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យ សុខាភិបាល និងវិស័យអប់រំ) ។
លោក ប្រធានមន្ទីរ បន្ថែមថា គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៥-២០២៧ ក្រសួង-ស្ថាប័ននីមួយៗ ត្រូវផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ជាពិសេសពិតានចំណាយគោលសម្រាប់ ក្រសួង-ស្ថាប័ននីមួយៗដូចបានកំណត់ខាងលើ ដើម្បីរៀបចំ ផែនការយុទ្ធសាស្ត្រថវិកា របស់ខ្លួនឱ្យ បានល្អត្រឹមត្រូវតាមទិសដៅនេះ។ ផែនការយុទ្ធសាស្ត្រថវិកា ជាឯកសាររួមមួយ ដែលត្រូវគ្របដណ្តប់ទាំងថវិការដ្ឋបាលកណ្តាល, ថវិកា មន្ទីរជំនាញរាជធានី-ខេត្ត និងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិត ក្រោមឱវាទក្រសួង-ស្ថាប័ននោះ ព្រមទាំងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ដោយត្រូវធ្វើសមាហរណកម្មថវិកាចរន្ត និងថវិកាមូលធន ព្រមទាំង រវាងថវិកាជាតិ និងថវិកាហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីធ្វើឱ្យ ផែនការយុទ្ធសាស្ត្រថវិកា មានគុណភាពកាន់តែ ល្អប្រសើរ ក៏ដូចជាជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាជ និងគ្រប់គ្រងថវិកាប្រចាំ ឆ្នាំ។
ខ្លឹមសារនៃសារាចរណែនាំនេះ បានកំណត់ក្របខ័ណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និង បច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និង មន្ទីរជំនាញរាជធានី-ខេត្ត និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ រៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឱ្យបានជោគជ័យនូវគោល- បំណងគោលនយោបាយ និងកម្មវិធី ដើម្បីរួមចំណែកសម្រេចឱ្យបានគោលនយោបាយរួមរបស់រាជ- រដ្ឋាភិបាល។
ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ ត្រូវបញ្ជូន ផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៥ របស់ខ្លួន ចំនួន ២ ច្បាប់ មក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា) យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤៕