ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងអប់រំ ចែករំលែកចំណុចអាទិភាព ក្នុងការត្រៀមខ្លួនឱ្យបានល្អ ក្នុងការចាប់យកជំនាញសតវត្សទី២១

ថ្នាក់ដឹកនាំក្រសួងអប់រំ ចែករំលែកចំណុចអាទិភាព ក្នុងការត្រៀមខ្លួនឱ្យបានល្អ ក្នុងការចាប់យកជំនាញសតវត្សទី២១
ចេញផ្សាយ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤
APP MoINFO

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីស្ថានភាពជាក់ស្ដែងរបស់សកលលោក ដែលប្រទេសនីមួយៗកំពុងតែខិតខំអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រៀមខ្លួនឱ្យបានល្អក្នុងការចាប់យកជំនាញសតវត្សទី២១។

ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាស ទទួលជួបសម្ភាសន៍ជាមួយសារព័ត៌មាន South China Morning Post ស្ដីពីការអប់រំផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងន័យនោះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានចែករំលែកចំណុចអាទិភាពមួយចំនួន ដែលកម្ពុជាបាន នឹងកំពុងអនុវត្ត ៖ (១) ការខិតខំប្រឹងប្រែងក្នុងការពង្រីកសេដ្ឋកិច្ច ដោយជ្រើសរើសធនធានមនុស្សឱ្យបានត្រឹមត្រូវ (២) ទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតឱកាសការងារឱ្យបានទូលំទូលាយ (៣) ការដាក់បញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ និងមុខវិជ្ជា STEM នៅក្នុងកម្មវិធីសិក្សាដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (៤) ការលើកកម្ពស់ស្ដង់ដារសាលារៀន (៥) ការលើកកម្ពស់ការសិក្សាភាសាបរទេស ដើម្បីធ្វើឱ្យយុវជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងតំបន់ និងសកលលោក (៦) ការដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងក្នុងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប (៧) ការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ដោយរៀបចំកម្មវិធីសិក្សាស្របតាមបច្ចេកវិទ្យាថ្មីៗ និង (៨) ការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងបន្ថែមថាពីការរៀបចំសាលារៀនឆ្លាតវៃនៅតាមសាលាគោលដៅ និងបានលើកកម្ពស់ភាពជដៃគូរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ដើម្បីពិនិត្យមើលលើតម្រូវការជំនាញបច្ចេកទេសនៅក្នុងទីផ្សារ៕

Leave a Reply

Your email address will not be published. Required fields are marked *