ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរដែន ពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ស្រុកចិត្របុរី ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតពិនិត្យដំណាំស្រូវប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង ស្ថិតនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះនិងស្ថានភាពខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍របស់មន្ទីរ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និង ផលប៉ះពាល់ ខូចខាតនៅ នៅខេត្តក្រចេះផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង: ផ្ទៃដីប៉ះពាល់ ចំនួន ១៩៦៣ហិកតា ខូចខាតទាំងស្រុង ចំនួន ៤៨២ហិកតា។
ស្រុកដែលប៉ះពាល់ និងខូចខាតច្រើនជាងគេ គឺស្រុក ចិត្របុរី។ដោយឡែកខេត្តត្បូងឃ្មុំប៉ះពាល់និងខូចខាតលើដំណាំ: ប៉ះពាល់ ចំនួន១៧៦២ហិកតា ក្នុងនោះដំណាំស្រូវចំនួន១១៨៩ហិកតា ខូចខាតទាំងស្រុងចំនួន១៥៤៩ហិកតា ក្នុងនោះដំណាំស្រូវចំនួន៩៧៦ហិកតា។ ស្រុកដែលប៉ះពាល់ និងខូចខាតច្រើនជាងគេ គឺស្រុកត្បូងឃ្មុំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឆ្លៀតនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេចសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបន្តថា សម្តេច បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋរងគ្រោះ ហើយចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យរូបលោកត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ រដ្ឋបាលស្រុកត្រូវចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែចម្ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជន់លិចហេដ្ឋារចនាសម្ពន្ធផ្សេងទៀត ដើម្បីត្រៀមលក្ខណៈក្នុងការផ្ដល់ស្បៀងសង្គ្រោះបន្ទាន់ និងគ្រាប់ពូជសម្រាប់ស្ដារវិស័យកសិកម្មឡើងវិញ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានចុះទៅពិនិត្យមើលទីទួលសុវត្ថិភាពទួលបេង ឃុំទន្លេបិទ ដើម្បីត្រៀមលក្ខណ: សម្រាប់ទទួលប្រជាជនរងគ្រោះដោយទឹកជំនន់ ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតាមដាននូវស្ថានភាពទឹកជំនន់នេះឲ្យបានជាប្រចាំ ក៏ដូចជាធ្វើសេចក្តីជូនដំណឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីបានជ្រាប ក៏ដូចជាត្រៀមរំដោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពជាដើម។ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រយ័ត្នចំពោះកូនចៅក្មេងតូចៗ ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវធ្វើការបរិភោគទឹកឆ្អិន និងទឹកដែលមានសុវត្ថិភាព ដើម្បីជៀសវាងនិងកាត់បន្ថយនូវជំងឺផ្សេងៗ ជាពិសេសនៅក្នុងអំឡុងពេលទឹកជំនន់នេះ។






