ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាម លើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាម លើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសរបស់ខ្លួន
ចេញផ្សាយ ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៥
MoINFP APP

នៅវិមាន៧មករា ព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ Nguyen Tan Cuong ដែលជាមិត្តចាស់របស់កម្ពុជា ខណៈដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ។

សម្ដេចតេជោពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា-វៀតណាម ដែលបន្តកាន់តែរឹងមាំ និងស្អិតរមួតផ្អែកលើស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ លើគ្រប់វិស័យ។ សម្ដេចតេជោជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសនៅក្នុងវិស័យកងទ័ព។

នៅក្នុងឱកាសនោះ ឯកឧត្តម Nguyen Tan Cuong បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមក៏បាននាំនូវការផ្ដាំសួរសុខទុក្ខពី សំណាក់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ចំពោះសម្ដេចតេជោផងដែរ។

ឯកឧត្តមបានអរគុណចំពោះ សម្ដេចតេជោដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងទិវាថ្ងៃរំដោះភាគខាងត្បូងនៃប្រទេសវៀតណាមនាពេលកន្លងទៅនេះ។ ឯកឧត្តមក៏បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថិរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។ ឯកឧត្តមក៏បានលើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសវៀតណាម ដោយ ឯកឧត្តមបានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួនរវាង កម្ពុជានិងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគមនាពេលកន្លងមក។

ឯកឧត្តមក៏បាននាំនូវការអញ្ជើញរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ចំពោះសម្ដេចតេជោ អញ្ជើញចូលរួមក្នុងទិវាអបអរសាទរថ្ងៃជ័យជំនះ៨០ឆ្នាំ នៃថ្ងៃឯករាជ្យជាតិវៀតណាម នៅពេលខាងមុខ ។

Leave a Reply

Your email address will not be published. Required fields are marked *