ព័ត៌មានជាតិ

ឯកឧត្តម Wang Wentian គូសបញ្ជាក់ថា ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី

ឯកឧត្តម Wang Wentian គូសបញ្ជាក់ថា ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី

ចេញផ្សាយ ថ្ងៃទី 

APP MoINFO

នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

ក្នុងជំនួននោះ ឯកឧត្តម បានសម្តែងនៅវមានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ ឯកឧត្តម ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡាដ្ឋានមរតតេជោ … ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា។

ឯកឧត្តម បានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ ឯកឧត្តម បានលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់សម្តេច តេជោ នៅប្រទេសចិននាពេលខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេច បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ៕

Leave a Reply

Your email address will not be published. Required fields are marked *