អ្នកជំនាញអចលទ្រព្យ មើលឃើញពីកំណើនតម្រូវការប្រើប្រាស់ដីធ្លីតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣
APP MoINFO
អ្នកជំនាញអចលនទ្រព្យបានមើលឃើញថា ដីធ្លីតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ដែលរាប់ចាប់ពីផ្លូវឈ្នះឈ្នះ ឬពលរដ្ឋនិយមហៅថា ផ្លូវកប់ស្រូវ( រាជធានីភ្នំពេញ)ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៣ នឹងមានសក្ដានុពលខ្ពស់ ហើយជាតំបន់ដែលមានការអារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ផងដែរ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានប្រាប់បណ្ដាញសារព័ត៌មានក្នុងកាលពីពេលថ្មីៗនេះថា «តំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុង យើងឃើញថាតំបន់ប៉ែកខាងលិចឆៀងខាងត្បូង គឺជាតំបន់ដែលមានសក្ដានុពលសម្រាប់អភិវឌ្ឍន៍ ដូចជាសាងសង់ឃ្លាំងសម្រាប់ជួល ព្រោះទីតាំងនោះសំបូរទៅដោយរោងចក្រសហគ្រាស ដែលមានតម្រូវការឃ្លាំងសម្រាប់ស្តុកទំនិញនានាមុននិងក្រោយផលិត»។
លោកបន្តថា ដីធ្លីនៅតំបន់នេះនឹងមានតម្រូវការខ្ពស់សម្រាប់អភិវឌ្ឍន៍ ហើយសម្រាប់តំបន់ប៉ែកខាងត្បូង និងខាងកើតវិញ វាជាតំបន់ដែលនឹងមានតម្រូវការលើដីលំនៅឋាន ។ជាក់ស្ដែងដូចបានឃើញស្រាប់នៅប៉ែកខាងត្បូងនិងខាងកើត កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់លើលំនៅឋានដោយមានទាំងលំនៅឋានផ្ដោតលើអ្នកមានចំណូលមធ្យម និងអ្នកមធ្យមឡើង ។
សូមជម្រាបថា ផ្លូវក្រវាត់ក្រុងទី៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។វិថីដ៏ធំទូលាយមួយនេះមមាញឹកដោយការដឹកជញ្ជូនសព្វសារពើនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ទន្ទឹមនេះ សកម្មភាពអភិវឌ្ឍនៅសំណង់តូចធំនិងការធ្វើអាជីវកម្មនានាក៏កំពុងរីកដុះដាលយ៉ាងលឿនផងដែរ៕