ព័ត៌មានជាតិ

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា និងពិសាអាហារសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សា ជីផុច ស្រុកមេសាង

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា និងពិសាអាហារសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សា ជីផុច ស្រុកមេសាង

ព្រៃវែង៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា និងពិសាអាហារសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សា ជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការពង្រឹងវិស័យអប់រំ គឺជាការលើកកម្ពស់ធនធានចំណេះដឹងដល់យុវជន គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងក្មួយៗ កុមារា កុមារី ដែលជាទំពាំងស្នងឬស្សី ប្រកបដោយចំណេះ ជំនាញ កាន់តែខ្លាំងឡើងបន្ថែមទៀតនៅពេលអនាគត់ និងប្រទេសជាតិ។

ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍បន្តរថា ការអប់រំ គឺជា មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់បន្ទាប់វណ្ណៈ គ្រប់វ័យ គ្រប់ប្រទេស ទាំងអស់ ដែលពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ និងជាទ្រព្យធនដែលមនុស្សជាតិគ្រប់គ្នាត្រូវការដោយខានមិនបាន ក្នុងការធ្វើឲ្យសម្រេចបាននូវ ជីវភាពរស់នៅប្រកបដោយសុខដុមរមនា ដោយមាន ឧត្តមភាព សន្តិភាព សេរីភាព និង យុត្តិធម៌សង្គម។

ក្នុងនោះលោក ហ៊ន សុផាត អភិបាលស្រុកមេសាង បានឲ្យដឹងថា ដោយពី១ឆ្នាំ ទៅ១ ឆ្នាំកំណើន កុមារចាប់ពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំ ដែលដល់វ័យចូលសិក្សាសាលាមត្តេយ្យ តែសាលាបឋមសិក្សាជីផុច មិនអាចទទួលឲ្យកុមារអាយុ ៣ឆ្នាំ និង៤ឆ្នាំ ឱ្យចូលរៀននៅមត្តេយ្យសិក្សាកម្រិតទាប និងកម្រិត មធ្យមបានដោយកង្វះអគារសិក្សា និងសម្ភារៈសម្រាប់ដំណើរការរៀន និងបង្រៀន ទើប ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន និងក្រុមការងារ ក្រោមការចង្អុលបង្ហាញ ក្នុងការសាងសង់ ពីឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ។ នៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាមត្តេយ្យសិក្សាជីផុចត្រូវបានចាប់ផ្តើមសាងសង់ និងបញ្ចប់ជាស្ថាពរនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មាន១ខ្នង ចំនួន៤បន្ទប់ (បន្ទប់រៀន៣ និងទីចាត់ការ១) ដែលចំណាយថវិកាសរុប ៨៧,៥០០ដុល្លា។ បច្ចុប្បន្នគ្រូបង្រៀនសរុបមានចំនួន១២នាក់ ស្រី៩ នាក់ ចំនួនសិស្សសរុបចំនួន ៤៥០នាក់ ស្រី ២៣៣នាក់ ក្នុងនោះ សិស្សមត្តេយ្យកម្រិតខ្ពស់ ចំនួន ៣៧នាក់ ស្រី ២០នាក់ និងសិស្សបឋមសិក្សាចំនួន ៤១៣នាក់ ស្រី ២១៣នាក់ ថ្នាក់រៀន មានចំនួន ១១ថ្នាក់ ក្នុងនោះ ថ្នាក់មត្តេយ្យកម្រិតខ្ពស់ ចំនួន ១ថ្នាក់ ថ្នាក់បឋមសិក្សា ចំនួន ១០ថ្នាក់ អគារសិក្សាចំនួន ២ខ្នង ស្មើ ៧ បន្ទប់៕

Leave a Reply

Your email address will not be published. Required fields are marked *