សាធារណរដ្ឋឆែក កោតសរសើរ និងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP
ជាប្រទេសមួយស្ថិតនៅក្នុងសហភាពអឺរ៉ុប សាធារណរដ្ឋឆែក បានប្រកាសបន្តគំាទ្រការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានិងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែកបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ នៅក្នុងនោះឆែកនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមមានជំនឿមុតមាំថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ខាងមុខជាមិនខានឡើយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតឆែកមុនៗ បានសម្រេចនៅក្នុងបេស កកម្មការទូតរបស់ខ្លួន ថាពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ចំណងទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែកបានផ្តល់ជំនួយគាំទ្រដល់កម្ពុជាចាប់តាំងពីពេលដែលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ។ ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានជួយដល់កម្ពុជាក្នុងពេលវេលាដ៏លំបាកបំផុត។ សាធារណរដ្ឋឆែកជាមិត្តល្អព្រោះ “មិត្តល្អ តែងជួយគ្នាក្នុងគ្រាក្រ ។
សម្តេចរេដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក ដែលបានបង្វែរបំណុលពីអតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរលើវិស័យសង្គមកិច្ច សុខភាព អប់រំ ជាដើម។ កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុងការលុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍ ដែលនេះចាត់ទុកជាមូលដ្ឋាន ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។ ការគំាទ្ររបស់ប្រទេសឆែក បានឆ្លើយតបនូវ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតអាទិភាពលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា និងសម្តេចប្រធានរដ្ឋសភា បានយល់ស្របដូចគ្នាពីសារៈសំខាន់នៅក្នុងការលើកកម្ពស់ វប្បធម៌សន្ទនា គោលការណ៍ពហុនិយម នៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញដែលមានលក្ខណៈផុយស្រួយប្រែប្រួលឆាប់រហ័ស និងបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។