ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា

សម្ដេចតេជោ ស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា
ចេញផ្សាយ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP

នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចសង្ឃឹមថា ទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្រិតទំនាក់ទំនងដែលមានវ័យចំណាស់រវាងប្រទេសទាំងពីរនេះបន្ថែមទៀត ហើយក៏សង្ឃឹមថា ឯកឧត្តមអនុរដ្ឋមន្រ្តី នឹងបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា និងសមិទ្ធផលនានាដែលកើតចេញពីជំនួយឧបត្ថម្ភ របស់ឥណ្ឌា រួមទាំងការជួសជុលអភិរក្សប្រាសាទនៅតំបន់អង្គរផងដែរ។

ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសម្តែងនូវការគោរព កិត្តិយស និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសម។

ឯកឧត្តមអនុរដ្ឋមន្រ្តីបានបន្តលើកឡើងថា ឯកឧត្តមមានមោទនភាពដែលបានជួបសម្តេច ដែលជារដ្ឋបុរសមួយរូប នៅក្នុងចំណោមប្រទេស Global South និងជាសរសរស្តម្ភនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដោយឯកឧត្តមអនុរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្តេច គឺជាថ្នាក់ដឹកនាំដែលបានធ្វើការ និងមានទំនាក់ទំនងល្អជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ចំនួន៦រូប។

ឯកឧត្តមអនុរដ្ឋមន្រ្តី បានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានអាយុកាលរាប់សតវត្ស មានកេរដំណែលដូចគ្នា វប្បធម៌ផ្សាភ្ជាប់គ្នា និងឈរជាមួយគ្នា។ នៅក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី មានក្តីសង្ឃឹមខ្ពស់ ដែលទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នឹងកើនដល់កម្រិតមួយថ្មីទៀត ជាពិសេស តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ូឌី នៅកម្ពុជា នាពេលខាងមុខ។

ឯកឧត្តមអនុរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យនានា ចាប់តាំងពីវិស័យការពារជាតិ ការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស, ការដោះមីន ហើយនិងការអភិរក្សនិងការជួសជុលឡើងវិញនូវប្រាសាទនានា។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងនេះ និងបានថ្លែងអំណរគុណសម្តេច ដែលតែងបានជួយគាំទ្រ និងជំរុញឱ្យឥណ្ឌាបានក្លាយជាដៃគូរបស់អាស៊ាន។

សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងបានរំលឹកឡើងវិញអំពីការជួយឧបត្ថម្ភគាំទ្ររបស់ឥណ្ឌា ដល់កម្ពុជាក្នុងគ្រាដ៏លំបាកបំផុត ទាំងនយោបាយ និងសេដ្ឋកិច្ច។ ជាក់ស្តែង សម្តេចបានគូសបញ្ជាក់ថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជាមុនគេ នៅឆ្នាំ១៩៨១ ហើយឥណ្ឌាក៏បានផ្តល់ជំនួយឧបត្ថម្ភនានា រួមទាំងស្បៀងអាហារ នៅពេលកម្ពុជាជួបប្រទះការខ្វះខាតនៅដំណាក់កាលនោះ និងការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ រួមទាំងការជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលនានា និងការបញ្ជូនអ្នកបច្ចេកទេសមកជួយជួសជុលប្រាសាទ។

Leave a Reply

Your email address will not be published. Required fields are marked *