ព័ត៌មានជាតិ

ខួបគម្រប់ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូត៖ កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង

ខួបគម្រប់ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូត៖ កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង
ចេញផ្សាយ ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកពេលនេះ ឈានដល់ខួបទី៦៥ឆ្នាំ ដោយឈរលើចំណងមិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទំាងពីរ និងសកលលោកផងដែរ។ នៅក្នុងបរិបទដែលស្ថានការណ៍សកលលោកមានការប្រែប្រួលមិនទៀង ជម្លោះភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច គួបផ្សំនិងការកើតឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី មានការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតជាដើមនោះ ទាមទារឱ្យប្រទេសទំាងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យជូនពលរដ្ឋ កសាងសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយសមធម៌និងបរិយាបន្ន។ នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទំាងពីរក៏បានលើកឡើងពីការជំរុញការវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀតផងដែរ។

សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលលោកជំទាវ ឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាមុនៗ សម្រេចបាន គឺបានរួមវិភាគទានដ៏មានតម្លៃដល់ចំណងទាក់ទង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ ដែលមានរយៈពេល ៦៥ ឆ្នាំ មកនេះ កាន់តែមានភាពរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាព ដែលថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានបន្ដថែរក្សា ពូនជ្រំ មរតកនៃទំនាក់ទំនងដ៏ល្អនេះ តាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ថ្នាក់ដឹកបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត ទាំងក្នុងក្របខណ្ឌសភា រដ្ឋាភិបាល និងបក្ស ថែមទៀតផង។ ថ្នាក់ដឹកនាំជំនាន់ថ្មីនៅកម្ពុជា នៅតែប្តេជ្ញាបន្តប្រកាន់ខ្ជាប់នូវទស្សនវិស័យ ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការល្អ និងទំនាក់ទំនងជាប្រវត្ដិសាស្រ្ដនេះ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានាសំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរកម្ពុជា -គុយបា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងត្រូវបានលើកកម្ពស់ និងពង្រីកកាន់តែទូលំទូលាយ ផ្អែកលើការជឿទុកចិត្តគ្នា គាំទ្រគ្នា គោរពគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រជាជនទាំងសងខាងបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *