ឯកឧត្តម ប៉ែន បូណា ៖ សម្តេចតេជោ ប្តេជ្ញាខិតខំសម្រេចគោលដៅចម្បង គឺបញ្ចប់ទុក្ខវេទនាប្រជាជន
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
ឯកឧត្តម ប៉ែន បូណាបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បង គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច បានគូសបញ្ជាក់ក្នុងសារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។
ឯកឧត្តមអ្នកនាំពាក្យបន្ថែមទៀតថា បើក្រឡេកទៅមើលសកម្មភាពជាក់ស្តែងលើវិស័យការទូតវិញ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើការងារយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការការពារបូរណភាពទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ប្រឆាំងដាច់ខាតទៅនឹងការប្រើប្រាស់កម្លាំង ដើម្បីចូលកាន់កាប់ទឹកដីដែលជាសកម្មភាពផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ៕