អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា និងថៃ ឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា និងថៃ ឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា
ចេញផ្សាយ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា។ កម្ពុជាក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររួចហើយ។ បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគូសបញ្ជាក់ជំហររបស់កម្ពុជាថា គ្មានការចាំបាច់ត្រូវចរចាជាមួយភាគីថៃដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជានិងថៃត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។

ឯកឧត្តម បានបន្តថា ចំពោះជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃ រាជរដ្ឋាភិបាលមានជំហរពីរ រួមមាន៖

ទី១៖ ជំហរដោះស្រាយបញ្ហាព្រំដែនគោក៖

តាំងពីមុនរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងឥតប្រែប្រួលទាល់តែសោះអំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់។ នោះគឺជាជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។

ជំហរនេះត្រូវបានបញ្ជាក់ឡើងវិញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅឯកិច្ចប្រជុំត្រីភាគីរវាងហ្វីលីពីន-កម្ពុជា-ថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦។ ជាក់ស្តែង នៅក្រោយជំនួបនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់តាមរយៈសន្និសីទកាសែតរួមគ្នាថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំងឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។

សម្តេចធិបតីជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូអង្វែងរវាងប្រទេសទាំងពីរ។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ដែលមានប្រវែងប្រមាណ ៧ គ.ម. នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែងប្រមាណ ៨.៣ គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦ បង្គោលបណ្តោះអាសន្ន។

Leave a Reply

Your email address will not be published. Required fields are marked *