ព័ត៌មានជាតិ

ពិធីតភ្ជាប់តួស្ពាន ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២

ពិធីតភ្ជាប់តួស្ពាន ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២
ចេញផ្សាយ ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO and

ភ្នំពេញ៖ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលបានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩​ខែ​មិថុនា​ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី​​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ជាច្រើនរូបទៀត។

លោក​ សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា៖ ស្ពានអាកាសនេះបានបើកការដា្ឋនសាងសង់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ។មានគន្លងចរាចរណ៍ចំនួន៣ គន្លង ។ទទឹងស្ពានប្រវែង៩.៥០ម៉ែត្រ។ កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់: ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។រវាងប្រឡោះស្ពានទី១និង ស្ពានទី២ មានគម្លាត៩.០០ម៉ែត្រដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *