ប្រជាពលរដ្ឋពលករដែលមកពីប្រទេសថៃ ប្រមាណជាង ៥៤០ នាក់ បានមកដាក់ពាក្យ ធ្វើការងារនៅក្នុង ឱកាសវេទិការការងារដែលធ្វើឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកកំចាយមារ
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ ពលករដែលមកពីប្រទេសថៃប្រមាណជាង ៥៤០ នាក់ បានមកដាក់ពាក្យធ្វើការងារនៅក្នុងឱកាសវេទិកាការងារដែលធ្វើឡើងដោយរដ្ឋបាលស្រុកកំចាយមារ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលពី ថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៥ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១ម៉ឺនកន្លែង។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានមានប្រសាសន៍លើកឡើងថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ។ ដោយការងារនៅក្នុងស្រុកផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ ហើយមួយទៀតនោះគឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀតថា កិច្ចការងារទាំងអស់នេះគឺជាការខិតខំយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ចំពោះប្រជាពលរដ្ឋដោយមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។
សូមបញ្ជាក់ បន្ថែមថា នៅក្នុង វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកកំចាយមារព្រឹកមិញនេះមាន៖ ក្រុមហ៊ុនចំនួន ៥ ដែលបាន មកទទួល ការដាក់ពាក្យចូលធ្វើការងាររបស់ប្រជាពលរដ្ឋនេះមាន៖
ទី១ក្រុមហ៊ុន កោះកុង ចេជាង អេសអ៊ីហ្សិត ឯ.ក ចំនួន ២,០០០ កន្លែង នៅខេត្តកោះកុង។
ទី២ ក្រុមហ៊ុន ខាត ថាយអ៊ែរ ឯ.ក ចំនួន ៨០០ កន្លែង ខេត្តស្វាយរៀង។
ទី៣ រោងចក្រ ស្ទ័រតិចអ៊ុនឌីសស្ត្រីយ៍ ចំនួន ៣០០កន្លែង នៅរាជធានីភ្នំពេញ។
ទី៤ ក្រុមហ៊ុន ស៊ីមី (ខេមបូឌា) វាយរឹង ស៊ីស្ទីម ខូអិល ចំនួន ៣០០ កន្លែង នៅភ្នំពេញ។
ទី៥ រីឌី ផេត សិបផ្លាយ (ខេមបូឌា)ឯ.ក ច្រើននាក់ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងបានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាប្រជាពលរដ្ឋពលករដែលមកពីប្រទេសថៃ មានការងារធ្វើនៅស្រុកចំនួន ៣ គឺស្រុកស្វាយអន្ទរ, ស្រុកកំចាយមារ, និងស្រុកពារាំង ខេត្តព្រៃវែង៕