ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់
ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥
MoINFO APP

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ គឺជាឱកាសដ៏មហោឡារិក និងឧត្តុងឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបក្ការៈ ការតស៊ូ ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាដ៏សក្តិសម ដើម្បីយើងទាំងអស់គ្នាបានសម្តែងនូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតជាថ្មីរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តពង្រឹងស្ថាប័នដ៏មានសារៈសំខាន់មួយនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្តថា ប្រជាជនកម្ពុជាពិតជាបានចូលរួមក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងវិជ្ជាជីវៈនគរបាលតាំងពីអាណាព្យាបាលរបស់បារាំងរហូតដល់ថ្ងៃដែល បង្កើតកងកម្លាំងនគរបាលជាតិជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដែលត្រូវបានចារឹកឈ្មោះទុកក្នុងប្រវត្តិសាស្ត្រជាតិ ហើយចំពោះការរៀបចំ និងការប្រព្រឹត្តិទៅរបស់ស្ថាប័ននគរបាលគឺមានការ

វិវត្តន៍ប្រែប្រួល និងមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងព្រឹត្តិការណ៍នយោបាយជាតិ អន្តរជាតិ និង ស្ថានភាពសេដ្ឋកិច្ច សង្គមជាតិ អន្តរជាតិយ៉ាងពិតប្រាកដ ហើយបន្តនិរន្តរភាពពីជំនាន់មួយទៅជំនាន់ មួយ រក្សាបាននូវគុណតម្លៃស្នូលដ៏ឧត្តុងឧត្តមរបស់ខ្លួនជាអ្នកការពារជាតិ ការពារសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងធ្វើឱ្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរជាបន្តបន្ទាប់។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងដំណាក់កាលក្រោមអាណានិគមន៍និយមបារាំង យើងបាន បង្កើតឱ្យមានរចនាសម្ព័ន្ធ និងកងកម្លាំងដែលមានវិជ្ជាជីវៈតាមបែបនគរបាលនៅតាមទីក្រុង ទីប្រជុំជន នៅតាមមូលដ្ឋានសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដើម្បីជួយដល់អាជ្ញាធរបារាំងក្នុងការរក្សាសន្តិសុខ និង

សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។ រចនាសម្ព័ន្ធនៃកងនគរបាលត្រូវបានរៀបចំ និងពង្រឹងជាបន្ត បន្ទាប់នៅក្រោយថ្ងៃបង្កើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ និងមានការវិវត្តន៍ប្រែប្រួលរីក ចម្រើន ក្លាយជាតួអង្គប្រតិបត្តិច្បាប់មួយដ៏រឹងមាំ៕

Leave a Reply

Your email address will not be published. Required fields are marked *