ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានបើកឱ្យធ្វើដំណើរឆ្លងកាត់ជាអចិន្រ្តៃយ៍
ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភាតទៅ ។ការបើកឱ្យធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍គឺ បន្ទាប់ពីបានអនុញ្ញាតឱ្យធ្វើចរាចរជាបណ្តោះអាសន្នក្នុងអំលុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពាក់កណ្ដាលខែមេសាកន្លងទៅនេះ។
សូមជម្រាបថា ស្ពានលេខ២៨មានកម្ពស់៩០ម៉ែត្រ ។ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកនាំពាក្យដដែលបានបន្ថែមថា ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០ភាគរយ។បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប៕