ប្រមុខរដ្ឋាភិបាលបង្ហាញអំពីតួនាទីរបស់នរគបាលជាតិ នៅក្នុងបរិបទនៃការគំរាមកំហែងរបស់បទល្មើសថ្មីៗ
ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល៨០ឆ្នាំកន្លងមកនេះកងកម្លាំងនគរបាលជាតិបានធ្វើសកម្មភាពលើសមរភូមិស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព ធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធូរធារ សេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបាន ធ្វើឱ្យប្រសើរឡើងជាលំដាប់។
យ៉ាងណាក៏ដោយនៅឆ្នាំ២០២៥នេះ សភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងបរិបទនេះ កើតមានការគំរាមកំហែងនៃប្រភេទបទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។
អាស្រ័យហេតុនេះវាជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាអោយបានថាព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។
នៅក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅថ្ងៃទី១៦ ឧសភានេះ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ ) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយជូន កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ដោយបានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះ មនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្តីភាព របស់កងកម្លាំងនគរបាលជាតិ ។ ទន្ទឹមនេះ សម្តេចបវរធិបតី បានសម្តែងនូវការពេញចិត្ត នឹងបន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកងកម្លាំងអនុវត្តច្បាប់ប្រកប ដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព។
សូមបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥។ នគរបាលជាតិ មានតួនាទី រក្សាសណ្តាប់ធ្នាប់នៃសកម្មភាពបាតុកម្ម កូដកម្មបញ្ចៀសរាល់សកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ បន្ថែមពីលើនេះទៀត គឺប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទល្មើសព្រៃឈើ ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកបដោយគុណធម៌។ល។