សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅថ្ងៃអនាគត
ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាគោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)ទៅថ្ងៃអនាគត។
តាមសម្តេចធិបតី គោលការណ៍ទាំងបីនោះមាន៖
១. រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ
២. ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋជាពិសេសអ្នករាជធានីភ្នំពេញ និង
៣. រៀបចំការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាព នូវទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ទៅតាមរូបមន្តឬទម្រង់ណាមួយ ដោយធានារក្សានូវកម្មសិទ្ធិស្របច្បាប់របស់រដ្ឋលើទីតាំងនេះ។
នៅលើបណ្តាញសង្គមតេលេក្រាមផ្លូវការនារសៀលថ្ងៃទិ១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដោយខ្លីថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយសម្តេចផ្ទាល់ គឺមិនដែលមានគោលការណ៍លក់ព្រលានយន្តហោះអន្តរជាតិ (ពោធិ៍ចិនតុង) ទៅអោយក្រុមហ៊ុនឯកជនណានោះទេ។
គួរជម្រាបជូនថា ការលើកឡើងរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីប៉ុន្មានថ្ងៃនេះមានការជជែកដេញដោលអំពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យក្រុមហ៊ុនឯកជន។