កងកម្លាំងនគរបាលជាតិកម្ពុជា គឺជាអង្គប្រតិបត្តិច្បាប់ពោរពេញទៅដោយពលានុភាព ក្នុងការការពារសន្តិភាព, សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ពិសេសបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន
ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការប្រារព្វខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគបាលជាតិ គឺជាការចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម, និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាសមស្របសម្រាប់ថ្លែងអំណរគុណ និង ការដឹងគុណចំពោះវីរភាពយ៉ាងអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ហើយជាគ្រឹះយ៉ាងសំខាន់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
បន្ថែមលើនេះ, បេសកកម្មរបស់កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារដាច់ខាត ដល់សន្តិភាព, អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ដោយធានាមិនឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុង, ចាត់វិធានការទប់ស្កាត់ និងប្រឆាំងរាល់អំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន, សកម្មភាពវិច្ឆេទកម្ម, សកម្មភាពវិទ្ធង្សនា, ការបង្កចលាចលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ ដែលបង្កឱ្យមានអស្ថិរភាពក្នុងសង្គម តាមរយៈល្បិចកលទុច្ចរិតនានា ដូចជាការលើកយកករណីសំណង់ព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ដើម្បីចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់បូរណភាពទឹកដី ជាដើម។ ជាមួយនេះ, កងកម្លាំងនគរបាលជាតិក៏បានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា៖ បទល្មើសគ្រឿងញៀនខុសច្បាប់, អំពើជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា, ការឆបោកតាមអនឡាញ, សកម្មភាពក្មេងទំនើង ព្រមទាំង ការអនុវត្តច្បាប់ចរាចរណ៍, ការអន្តរាគមន៍, ការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។
សម្តេចបវរធិបតី បានដាក់ចេញនូវអនុសាសន៍ជូនដល់កងកម្លាំងនគរបាលជាតិ ដូចជា៖ ១/ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ, ការពារឱ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះ-ឈ្នះ», ការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី, កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងការអភិវឌ្ឍប្រឆាំងទប់ស្កាត់អានុភាពអមិត្ត, ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។ ២/ ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងសកម្មភាពវិទ្ធង្សនា, បង្កចលាចល, ជាពិសេស បដិវត្តពណ៌ ព្រមទាំងខិតខំទប់ស្កាត់បង្ក្រាបបណ្ដាញភេរវកម្ម ព្រមទំាងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ក្នុងយុគឌីជីថល ដោយត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូសំខាន់ៗ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខជាតិ និង សន្តិសុខសង្គមនៃកម្ពុជា។ ៣/ ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លំាងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្ម និង ស៊ីជម្រៅគ្រប់ទីកន្លែង ដោយតម្កល់ផលប្រយោជន៍ប្រជាជន និង ឧត្តមប្រយោជន៍ជាតិ ខ្ពស់ជាងអ្វីៗទាំងអស់ ។