ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីធានាសន្តិសុខស្បៀង ដោយសារប្រទេសជិតខាងបិទការនាំចូល កម្ពុជារៀបចំគោលនយោបាយ ជំរុញកសិឧស្សាហកម្មនៅទិសខាងលិច

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីធានាសន្តិសុខស្បៀង ដោយសារប្រទេសជិតខាងបិទការនាំចូល កម្ពុជារៀបចំគោលនយោបាយ ជំរុញកសិឧស្សាហកម្មនៅទិសខាងលិច
ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP

បន្ថែមលើជំរុញការវិនិយោគនៅតាមប៉ូល ដូចជា ប៉ូលខេត្តព្រះសីហនុ ប៉ូលខេត្តសៀមរាប និង ប៉ូលខេត្តស្ថិតនៅភូមិភាគឦសាន ដើម្បីលើកកម្ពស់វិស័យទេសចេណ៍ជាដើម។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងពាក់ព័ន្ធជាសេនាធិការនៃរាជរដ្ឋាភិបាល រៀបចំគោលនយោបាយ ដើម្បីជំរុញកសិឧស្សាហកម្មនៅទិសខាងលិច។

ក្នុងទិវាមច្ឆជាតិ លើកទី២០ ស្ថិតនៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកនេះ សម្ដេចធិបតី បានថ្លែងថា ខេត្តដែលនឹងត្រូវអនុវត្តគោលនយោបាយជំរុញវិស័យកសិឧស្សាហកម្ម មានបាត់ដំបង បន្ទាយមាន និងពោធិ៍សាត់ និងតភ្ជាប់ជាមួយខេត្តខាងក្រោមជាបន្តបន្ទាប់។

ការជំរុញគោលនយោបាយកសិឧស្សាហកម្មនៅទិសខាងលិចនេះ ដើម្បីធានាសន្តិសុខស្បៀងក្នុងប្រទេសនិងការពារទុកជាមុន ក្រែងមានការគំរាមកំហែងពីប្រទេសជិតខាង ដូចថៃកំពុងកាត់ផ្ដាច់ការនាំចូលទំនិញ និងបន្លែបង្ការមកកម្ពុជា ដើម្បីឱ្យកម្ពុជាស្លាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ខ្ញុំបានដាក់ គោលដៅ គោលនយោបាយយោគយល់ លើកទឹកចិត្តវិនិយោគឆ្នាំនេះ នៅទិសដៅឦសាន ឥឡូវនេះ ខ្ញុំបានឱ្យរៀបចំគោលនយោបាយថែមទៀត ដើម្បីរុញទៅជំរុញកសិឧស្សាហកម្ម ជាពិសេសនៅទិសខាងលិចរបស់យើង កសិកម្មមិនអាចនិយាយបានតែត្រឹមការដាំដុះ ហើយយកផលិតផលដើមលក់ទេ គឺនិយាយឈានទៅដល់ការអភិវឌ្ឍកសិឧស្សាហកម្ម ជំរុញការកែច្នៃនៅក្នុងប្រទេសដើម្បីរុញចេញទៅក្រៅ ដើម្បីធ្វើពិពិធកម្ម»។

សម្ដេចធិបតី បានបន្ថែមថា គោលនយោបាយខាងលើ ក៏ជាការជំរុញគាំទ្រគោលនយោបាយដែលយើងបានដាក់ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ជាច្រករបៀងមច្ឆានិងអង្ករជាមួយចិន។

យ៉ាងណាក៏ដោយ សម្ដេចធិបតី ថ្លែងថា ពិតណាស់កម្ពុជាមិនផ្ដាច់ទំនាក់ទំនងជាមួយប្រទេសជិតខាងជាអចិន្ត្រៃយ៍រហូតធ្វើឱ្យប្រជាជនលំបាកទេ ប៉ុន្តែកម្ពុជាត្រូវត្រៀមខ្លួនទុកជាមុនគ្រប់មធ្យោបាយ គ្រប់យុទ្ធសាស្ត្រមិនអាចឱ្យប្រទេសណាខ្ទប់ដង្ហើមឱ្យកម្ពុជាស្លាប់បានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *