#Noted សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ត្រូវថៃ្ងទី៩ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១. ពង្រឹងការអនុវត្ដច្បាប់
លោក ងិន សុខ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំនាយផ្នែករដ្ឋបាលជលផលកំពង់លាវ និងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើជលផល នៅចំណុចប្រឡាយកំពង់ព្រីង ស្ថិតនៅភូមិតាគាត់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានកម្លាំងសរុប ៦នាក់ ប្រើប្រាស់កាណូត ១គ្រឿង អនុវត្តបាន ១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។ ឧបករណ៍ស្បៃមុងល្មើសច្បាប់ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន៖ លូស្បៃមុងចំនួន ២៤មាត់ របាំងព្រួលស្បៃមុងប្រវែង ៧២០ម៉ែត្រ បង្គោលចម្រឹង ២៤០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ចូលទៅក្នុងដែននេសាទធម្មជាតិវិញ។
២. ការងារវារីវប្បកម្ម
កសិករចិញ្ចឹមត្រីចំនួន ២៩គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីទីឡាព្យា ០,៤០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ៧តោន ត្រីឆ្ពិន ៣,៥០តោន ត្រីប្រា ៧៩,៦០តោន ត្រីពោ ៤តោន ត្រីរ៉ស់ ១តោន និងត្រីក្រាញ់ ១,៣០តោន សរុបចំនួន ៩៧តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ១០០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ៤៩៤ ៧០០ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។