ព័ត៌មានជាតិ

សម្តេចតេជោ ប្រធានព្រឹទ្ធសភា គូសរំលេចពីកត្តាចំនួន៤​ ដែលនាំឱ្យពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សម្តេចតេជោ ប្រធានព្រឹទ្ធសភា គូសរំលេចពីកត្តាចំនួន៤​ ដែលនាំឱ្យពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ចេញផ្សាយ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

ថ្លែងនៅក្នុងពិធិបើកបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសរំលេចពីកត្តា៤យ៉ាង ដែលបានធ្វើពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ។

សម្ដេចតេជោបានថ្លែងបន្តថា មានកត្តា ៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាចូលឆ្នាំថ្មី ២០២៥នេះ ក្នុងនោះទី១ គឺកត្តាសុខសន្ដិភាព ដែលនេះគឺជាកត្តាចាំបាច់ មុនគេ ខណៈកាលពីឆ្នាំ១៩៧៥ ក្នុងឱកាសរដូវចូលឆ្នាំបែបនេះ គឺជាពេលវេលាវ៉ៃផ្ដាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ ដូច្នេះប្រជាជននៅក្នុងកាលៈទេសៈមានសង្គ្រាមនាគ្រានោះ គឺមិនអាចប្រារព្ធពិធីចូលឆ្នាំដ៏សប្បាយរីករាយដូចបបច្ចុប្បន្ននេះបានទេ។ សម្ដេចតជោ មានប្រសាសន៍ថា ជាមួយនឹងការចាត់ចែងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ប្រជាពលរដ្ឋបានធ្វើដំណើរដោយគ្មានការភ័យខ្លាចជាមួយសុខសន្ដិភាពដែលកម្ពុជាមាន។ បើយើងប្រៀបធៀបជាមួយនឹងប្រទេសដែលមានសង្គ្រាម នឹងប្រទេសខ្លួនឯងដែលធ្លាប់មានសង្គ្រាម គឺកត្តាសន្ដិភាពនេះ ចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាការពារ។

សម្ដេចតេជោបានបន្តថា កត្តាទី២ដែលធ្វើឱ្យប្រជាពលរដ្ឋដើរលេងគ្រប់ទីកន្លែងនោះ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលបានបង្កើតនូវទំនាក់ទំនងចរាចរអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន បើយើងប្រៀបធៀបត្រឹមឆ្នាំ ២០០០ ឬក្រោយឆ្នាំ ២០០០ បន្ដិច គឺស្ថានភាពខុសគ្នាដាច់ស្រឡះ ខណៈបច្ចុប្បន្នហេដ្ឋាចរនាសម្ព័ន្ធស្អាតល្អនៅតាមរាជធានីខេត្តបានបង្កបរិយាកាសឱ្យពលរដ្ឋបានដើរលេងកម្សាន្តនៅគ្រប់ទិសទី។

ចំណែកកត្តាទី៣ គឺមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ គឺមានការកើនឡើង៖ ទោះបីថាវិបត្តិសេដ្ឋកិច្ចក៏ប៉ុន្ដែចរាចរនៅតែស្ទះ ដែលចំណុចនេះបង្ហាញអំពីការលូតលាស់។ រីឯកត្តា ទី៤ គឺជីវភាពរបស់ប្រជាជនក៏មានការកើនឡើង តាមរយៈការដើរលេងកម្សាន្តសប្បាយចាយវាយនៅតាមខេត្ត និងតំបន់ទេសចរផ្សេងៗ ហើយចរន្តនៃការទិញលក់ ការលក់រាយក៏នៅមានចរន្តល្អ។

Leave a Reply

Your email address will not be published. Required fields are marked *