ព័ត៌មានជាតិ

ការរៀបចំយន្តការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហា ដែលរាំងស្ទះដល់ការងារស្រូវអង្ករ

ការរៀបចំយន្តការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហា ដែលរាំងស្ទះដល់ការងារស្រូវអង្ករ

ចេញផ្សាយ ថ្ងៃទី 

MoINFO APP

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់ថា ការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហា ដែលរាំងស្ទះដល់ការងារស្រូវអង្ករ ដែលជាកសិផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា។

ការគូសបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា លើការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមការងារត្រូវពិនិត្យលើយន្តការការងារ សំដៅពង្រឹងខ្សែច្រវាក់ទាំងស្រុង តាំងពីការផលិតពូជសុទ្ធ រហូតដល់ការដាំដុះ និងការនាំចេញ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវបង្កើនទំនុកចិត្ត និងជំរុញកសិករឱ្យប្រើប្រាស់ពូជសុទ្ធឱ្យពិតប្រាកដ ដោយផ្តោតសំខាន់លើពូជស្រូវផ្ការំដួលសម្រាប់ពេលបច្ចុប្បន្ន និងជាបន្ទាប់សែនក្រអូប តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យាឱ្យមានប្រសិទ្ធភាព មានការបង្កើតក្រុមអ្នកផលិតពូជសុទ្ធ និងការកំណត់តម្លៃរួមគ្នា ដើម្បីទទួលយកបានទាំងអស់គ្នា។

ដើម្បីសម្រេចការងារនេះបាន ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់អំពីកិច្ចសហការល្អរវាងភាគីរដ្ឋ សហគមន៍អ្នកផលិតពូជ និងវិស័យឯកជន ក្នុងការពិនិត្យ និងដោះស្រាយបញ្ហាជាមួយគ្នា ដោយត្រូវពង្រឹងនិងជំរុញប្រព័ន្ធពូជសុទ្ធ បង្កើតក្រុមការងារដែលមានការគិតគូរជាលក្ខណៈបែបសេដ្ឋកិច្ច និងការបង្កើតសហគមន៍ធ្វើពូជទំនើបដើម្បីមានសក្តានុពលអាចពង្រីកពូជ សម្ងួត និងផលិតពូជស្រូវផ្ការំដួលសុទ្ធគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់កសិករ ធ្វើយ៉ាងណាផ្ដល់ផលចំណេញទាំងអស់គ្នា ដោយធានាឱ្យបាននូវនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា ។ នេះបើយោងតាម របាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣។

បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤ តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោន ក្នុង១ហិកតា។

របាយការណ៍ខាងលើក៏បានឱ្យដឹងដែរថា សម្រាប់ផលិតកម្មដំណាំស្រូវរដូវប្រាំងវិញផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៥៥៦ ៥៩៧ ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោ-ក្របីមានចំនួន ១៩១ ហិកតា ស្មើនឹង០,០៣ភាគរយ និងដោយគ្រឿងយន្តចំនួន ៥៥៦ ៤០៦ ហិកតា ស្មើនឹង៩៩,៩៧ភាគរយ លើសឆ្នាំមុន ៩៧ ២៨៤ ហិកតា។ ចំពោះផ្ទៃដីសាបសម្រេចបានចំនួន ៥ ហិកតា តិចជាងឆ្នាំមុនចំនួន ៥ ហិកតា ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា លើសឆ្នាំមុន ៩៦ ៨២០ ហិកតា៕

Leave a Reply

Your email address will not be published. Required fields are marked *