ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ខាងមុខនេះ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងដល់សាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ទី២ ដល់ថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរ, ការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជន, កម្មវិធីដាល់អំបុកនិងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ, ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ, ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះជាច្រើនទម្រង់ដូចជា ការសម្តែងចាប៉ីដងវែង, ការសម្តែងល្ខោនបុរាណ (ខេត្តកណ្តាល), ការបង្ហាញគុនល្បុក្កតោ (ខេត្តកំពត), ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈ (ខេត្តបាត់ដំបង), ការបង្ហាញទេពកោសល្យរបស់ក្រុមសិល្បៈអង្គការអេពិកអាត (ខេត្តកំពត), និងការសម្តែងយីកេអង្គឃ្លៃ (ស្រុកឈូក ខេត្តកំពត) ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀត។ សូមអញ្ជើញទស្សនាដោយសេរី ចាប់ពីម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង ១១:00នាទីយប់។