ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤
ព្រៃវែង៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ប្រារព្ធនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះ
យោងតាមព្រះក្រឹត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមប្រឹក្សាខេត្តព្រៃវែង មានសមាសភាព ចំនួន២៧រូប ក្នុងនោះ ឯកឧត្តម ស្បោង សារ៉ាត ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សា។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រុមប្រឹក្សាគឺជាតំណាង ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែល មានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិ ផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បី ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់ និន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានរម្លឹកអង្គពិធីថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជា ដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ ដែលមានគោលបំណសំខាន់ ដូចជា៖
១. ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យ ចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន
២. ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាល ថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈ ការ ការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅ រដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានា តាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និង៣. លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុង ការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមកម្មវិធី កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។
ដើម្បីឱ្យការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងវត្ថុបំណងរបស់អង្គបោះឆ្នោតដែលជាតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្ត
។
ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យក្រុមប្រឹក្សាភិបាលនិងគណៈអភិបាលត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែកភារកិច្ចក្នុង
ការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាក្រុង ស្រុក ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់កំណត់ និងបន្តការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្មេង
ទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសគឺក្រុមប្រឹក្សា សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ បាន ចាប់ផ្តើមជាប្រវត្តិសាស្ត្រនៅឆ្នាំ២០០៩ បន្ទាប់ពីកម្ពុជាបង្កើតនិង ចាប់ផ្តើមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីឆ្នាំ២០០៨។ ក្រុមប្រឹក្សាទាំងនេះ ទទួលបាន អំណាចក្នុងអាណត្តិ តាមរយៈការបោះឆ្នោតដោយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនាមជាតំណាងពលរដ្ឋ។ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៤ មានចំនួនសរុប ៤២០០រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប៕