ព័ត៌មានជាតិ

និស្សិតមហាវិទ្យា បុរាណវិទ្យាកម្ពុជា បានទទួលការបណ្ដុះបណ្ដាល​បន្ថែមពីសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន

និស្សិតមហាវិទ្យា បុរាណវិទ្យាកម្ពុជា បានទទួលការបណ្ដុះបណ្ដាល​បន្ថែមពីសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន
ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤
អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បាន​សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ផ្នែក​កំណាយ​​ស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជាការ​បន្តវេន​ដល់មនុស្សជំនាន់ក្រោយ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​នេះថា ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស​ផ្នែកកំណាយ​ស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាង​ក្នុង​កំពែងរបស់ប្រាសាទ​បន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ពន្ធរបស់ទួល និងទំនាក់​ទំនងជាមួយកំពែងប្រាសាទ។ កំណាយ​ស្រាវជ្រាវបុរាណ​វិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។

និស្សិតមហាវិទ្យាល័យបុរាណវិទ្យាឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូលរួមធ្វើ​កំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើកំណាយ​ស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូល​រួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បានផ្តល់នូវ​ចំណេះដឹង និងបទពិសោធន៍ជាច្រើនបន្ថែមពីលើការ​សិក្សាទ្រឹស្តី​នៅក្នុងសាលា។

ចំណែកលោក ឡាំ យសោធរ និស្សិតបុរាណវិទ្យាឆ្នាំទី២ ឱ្យដឹងថា នេះជាលើកដំបូងសម្រាប់រូបប្អូន ដែលបានចុះ​អនុវត្ត​មកធ្វើ​កំណាយ​ស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតរូបនេះ បញ្ជាក់ថា ការចុះមកអនុវត្ត​ផ្ទាល់នៅការដ្ឋានកំណាយបាន​ធ្វើឱ្យ​រូបលោក បានយល់ដឹងពី​របៀប​បែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀបកំណាយ ការកត់ត្រា ការបែកចែក​ស្រទាប់ដី និងរៀបចំឯកសារ​ជាដើម។ បង្កើនការ​យល់ដឹងផ្នែកស្រាវជ្រាវបុរាណវិទ្យា ទទួលបាននូវបទ​ពិសោធន៍ ចំណេះដឹងថ្មីៗក្នុង​ការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *