អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ អ្នកប្រើប្រាស់បណ្តាញសង្គម គឺជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ពលរដ្ឋឌីជីថលល្អ គឺពលរដ្ឋដែល យល់ដឹងបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិ សេស មុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន។
ការលើកឡើងអំពីតួនាទីប្រឆាំងព័ត៌មានក្លែងក្លាយរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនេះ បានធ្វើឡើង ខណៈក្រសួងព័ត៌មានគ្រោងរៀបចំយុទ្ធនាការ “និយាយថាទេចំពោះព័ត៍មាន ក្លែងក្លាយ” នៅចុងខែមីនាឆ្នាំ២០២៥ខាងមុខនេះ។
ដើម្បីផ្តល់និងការពារសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ដោយសុវត្ថិភាព និងគុណភាព រួមចំណែក ដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម ក្រសួងព័ត៌មានបានរៀបចំ យុទ្ធនាការជាសាធារណៈជាលើកដំបូងដែលមានឈ្មោះថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គម។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថាខណៈការវិវត្តនៃវិស័យបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយទំនើបបានផ្ដល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ទទួលព័ត៌មានប្រចាំថ្ងៃយ៉ាងទូលំទូលាយដែលធ្វើឲ្យមានកំណើនប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គមនេះមានការកើនឡើងជាប្រចាំ ទន្ទឹមនោះក៏វានាំមកនូវផលវិបាកក៏ដូចជាគ្រោះថ្នាក់ដែលកើតចេញពីការសាយភាយព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមក៏ដូចជានៅក្នុងសង្គមកម្ពុជា។
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានអោយដឹងថា ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៣,៦៥១ករណី ដែលចំនួននេះបានកើនឡើងប្រមាណជិត១៤ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣,២០៨ករណី។
ក្នុងស្ថានភាពនេះ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យជាប់លាប់ និងកាន់តែខ្លាំងក្លាជាងមុន ក្នុងការជំរុញប្រសិទ្ធភាពយន្តការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាដាក់ចេញនូវយន្តការ ភ្ជាប់ជាមួយនឹងមធ្យោបាយសមស្របនានា ដើម្បីឆ្លើយតប ទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព ក្នុងការគ្រប់គ្រងព័ត៌មាននិងទប់ស្កាត់ឥទ្ធពលអាក្រក់នៃព័ត៌មានក្លែងក្លាយអោយទាន់ពេលវេលា ដើម្បីផ្តល់សុវត្តិភាព និងធានាសិទ្ធិទទួលព័ត៌មានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ។