ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ
ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើស​រើសជើងឯកថ្នាក់ជាតិ គឺជាការផ្តល់ឱកាសដល់យុវជន យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកបដោយទេពកោសល្យត្រៀមចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗឱ្យកាន់តែច្រើនបន្ថែមទៀត។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីដំណើការប្រកួតអស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំង១៦វិញ្ញាសា ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរយកការប្រកួតឆ្នាំនេះជាការផលិតធនធានថ្នាលក្រោមអាយុ១៨ឆ្នាំ។

ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ៖«ការប្រកួតនេះ ក៏ជាការបង្ហាញពីគម្រោងផ្សេងៗនៃគុនខ្មែរ និងធ្វើឱ្យកាន់តែរស់រវើក បណ្តុះស្មារតីស្រឡាញ់នូវកេរមរតកដូនតាដែលមានតម្លៃដ៏មហាសាលនេះ ព្រមទាំងចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្សរាប់ជំនាន់តទៅមុខទៀត។ រាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយក្បាច់គុនខ្មែរ ដែលជាកេរមរតកដូនតាខ្មែរ»។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា ៖«សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់ជាគោលការណ៍ ក្នុងការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរ ពានរង្វាន់សម្តេចបវរធិបតី ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៤មក ដើម្បីបើកចំហរទូលំទូលាយដល់អ្នកហាត់គុនខ្មែរគ្រប់ប្រភេទ គ្រប់ទម្រង់ក្បាច់គុន គ្រប់ទិសទី ដោយអាចចូលរួមប្រកួតគ្រប់មហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា»។

Leave a Reply

Your email address will not be published. Required fields are marked *