ស្ត្រីត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូន ដែលមានជីវភាពខ្វះខាត ចំនួន ៥គ្រួសារ នៅស្រុកមេសាង បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង…!!!
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត និងសហការី រួមជាមួយ លោក ឈឿន សារ៉ាន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមេសាង តំណាង លោក ហ៊ន សុផាត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកមេសាង និងសហការី ព្រមទាំងក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្តល់ជូនស្ត្រីត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូន ដែលមានជីវភាពខ្វះខាត ចំនួន ៥នាក់(ស្រ្តីមានផ្ទៃពោះ ២នាក់ និងស្ត្រីមានកូនតូច ៣នាក់) នៅឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
នាឱកាសនោះ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្រ្តីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត និងសូមខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមបំបៅកូនដោយទឹកដោះ ពិសេសត្រូវបរិភោគអាហារដែលមានជីវជាតិ ឱ្យបានច្រើន។
សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារ ទទួលបាន៖ ឃីតទារក ១កញ្ចប់(សំលៀកបំពាក់ ៤ឈុត ស្រោមដៃ និងស្រោមជើង និងមួក ២ឈុត) ពូក ១ សាប៊ូ ១ដប ម្សៅ ១កំប៉ុង ទឹកត្រចៀកកាំ ២យួរ និងថវិកាចំនួន ១០០,០០០រៀល។