ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការលោក ធីន ស៉ីថាច ជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យត្រូវសាមគ្គីគ្នាគ្រប់គ្រងព័ត៌មាននិងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិត ចំណេះដឹងជូនពលរដ្ឋ
(ត្បូងឃ្មុំ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។
ពិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន, លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងសមាជិកប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាង២០០នាក់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ និងបានកោតសរសើរចំពោះស្នាដៃទាំងឡាយដែលលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មានខេត្ត រួមជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសម្រេច នាពេលកន្លងមកបានធ្វើឱ្យអង្គភាព មានការរីកចម្រើន និងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់ផងដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែផ្សព្វផ្សាយព័ត៌មានពិត មានខ្លឹមសារ ផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ទំនុកចិត្តដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល នូវសមិទ្ធផលនានាដែលសម្រេចបានជូនជាតិ មាតុភូមិ ព្រមទាំងជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។
បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន និងក្រុមការងារសាធារណមតិ, រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើអាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។
នាឱកាសនោះដែរ លោក ប៉ែន កុសល្យ បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌ខេត្តត្បូងឃ្មុំ ក្រោមការគិតគូរយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគាំទ្រពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀត។
លោកអភិបាលខេត្តបានបន្ថែមថា តាមរយៈរបាយការណ៍ស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាពេលកន្លងមកនេះ ពិតជាបានស្តែងចេញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ស ស៊ីណា អតីតប្រធានមន្ទីរព័ត៌មាន (ដែលទទួលមរណភាពកន្លងទៅ)។ ជាមួយគ្នានេះមន្ទីរព័ត៌មានខេត្តក៏បានបំពេញតួនាទីភារកិច្ច និងអនុវត្តការងារ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មានក្នុងការផ្សព្វផ្សាយ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមការដឹកនាំដោយគតិបណ្ឌិត និងសក្តានុពលរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមយោងតាមរបាយការណ៍សង្ខេបរបស់លោក វ៉ាន់ វីរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ មន្ទីរបានផ្សព្វផ្សាយតាមវិទ្យុជាតិខេត្ត ចំនួន ៩,២៨៧លើក ផេកទូរទស្សន៍ជាតិខេត្ត ចំនួន ៤,៤៥០លើក បញ្ចួនផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងឯកជននៅរាជធានីភ្នំពេញចំនួន ១,៧៤៦លើកបិទផ្សាយលើក្តារព័ត៌មានសាធារណៈ ចំនួន២០៩លើក ធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទផ្ទាល់ទៅទូរទស្សន៍ជាតិកម្ពុជា ចំនួន ៣២៩លើក ព្រឹត្តិបត្រព័ត៌មាន ចំនួន១១លើក ព័ត៌មានផ្សេងៗ (ជាតិ, អន្តជាតិ, កីឡាជាដើម)ចំនួន ១០,៧៣៦លើក ផ្សព្វផ្សាយតាមបណ្តាញសង្គមបានចំនួន ១០,៦១០លើកមានដូចជា ហ្វេសប៊ុក តិកតុក យូធូប គេហទំព័រមន្ទីរជាដើម ក្នុងនោះមន្ទីរផលិតកម្មវិធីផ្សាយផ្ទាល់ តាមវិទ្យុជាតិខេត្ត ផេកទូរទស្សន៍ជាតិខេត្ត ផេកទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្ត និងផេកមន្ទីរព័ត៌មានខេត្ត។