ព័ត៌មានជាតិ

ព្រះរាជអាជ្ញាខេត្តសៀមរាបធានារកយុត្តិធម៌អោយបានបំផុតជូនជនរងគ្រោះជាអ្នកសារព័ត៌មានក្នុងសំណុំរឿងឃាតកម្ម

ព្រះរាជអាជ្ញាខេត្តសៀមរាបធានារកយុត្តិធម៌អោយបានបំផុតជូនជនរងគ្រោះជាអ្នកសារព័ត៌មានក្នុងសំណុំរឿងឃាតកម្ម
ចេញផ្សាយ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានប្រកាសជាសាធារណៈថា អយ្យការអមសាលាដំបូងខេត្តសៀមរាបនឹងប្រកាន់ជំហរយ៉ាងម៉ើងម៉ាត់ក្នុងការអនុវត្តច្បាប់ ទោះបីជាអ្នកសារព័ត៌មានត្រូវបានគេសម្លាប់ក្រោមហេតុផលនៃទំនាស់រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅនឹងទារប្រាក់ជាថ្នូរនិងការមិនចុះផ្សាយនិងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថានក៏ដោយ អយ្យការនឹងបន្តជំហរក្នុងការអនុវត្តច្បាប់មិនត្រឹមតែក្នុងដំណាក់កាលចោទប្រកាន់ ដំណាក់កាលស៊ើបសួរ តែនឹងបន្តឃ្លាំមើលលើការអនុវត្តច្បាប់ដល់ដំណាក់កាលជម្រះក្តី ដើម្បីធានាថាជនត្រូវចោទឈ្មោះស៊ី លឿយ ត្រូវទទួលខុសត្រូវនូវអំពើប្រព្រឹត្តរបស់ខ្លួនចំពោះមុខច្បាប់។ ការបង្ហាញជំហរការពារយុត្តិធម៌ជូនជនរងគ្រោះនេះបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយនារសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាដំបូងខេត្តសៀមរាប ដោយឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះមានជាបណ្ដើរៗហើយដោយជនល្មើសត្រូវបានចាប់ខ្លួននិងកំពុងឃុំឃាំង។

សូមបញ្ជាក់ថា មុននេះសំណុំរឿងអ្នកសារព័ត៌មាននេះ ត្រូវបានចៅក្រមចោទពីបទប៉ុនប៉ងឃាតកម្ម ប៉ុន្តែ ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននេះថា ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបានច្បាស់លាស់ យោងតាមលិខិតមរណភាព កាលពីថ្ងៃទី៧ធ្នូ តំណាងអយ្យការនឹងសុំទៅចៅក្រមអោយប្តូរពីបទចោទ ប៉ុនប៉ងឃាតកម្ម ទៅជាបទចោទ ឃាតកម្មវិញ ដើម្បីឲ្យបានសមស្របទៅតាមសភាពជាក់ស្ដែងនៃរឿងហេតុ។ ប៉ុន្តែ ក្របខណ្ឌទណ្ឌកម្មមិនខុសគ្នាទេ គឺត្រូវជាប់ពន្ធនាគារចន្លោះពី១០ទៅ១៥ឆ្នាំ។ ឯកឧត្តមព្រះរាជអាជ្ញាបានបញ្ជាក់ថា បើក្នុងករណីចៅក្រមដាក់ទោសណាមួយដែលមិនសមហេតុផល មិនសមស្រប ទៅនឹងអំពើប្រព្រឹត្តរបស់ជនជាប់ចោទនោះទេ អយ្យការនឹងប្រើសិទ្ធិរបស់ខ្លួនដែលអនុញ្ញាតដោយក្រមនីតិវិធី ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីស្នើសុំឲ្យដាក់ទណ្ឌកម្មទៅលើជនជាប់ចោទបន្ថែមទៀត។ សូមបញ្ជាក់ថាការរៀបចំធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះរបស់អយ្យការអមសាលាខេត្តខេត្តសៀមរាប គឺដោយសារមានភាពចាំបាច់ក្នុងការបំភ្លឺជូនអំពីដំណើររឿងពិតនិងចំណាត់ការ ព្រមទាំងគោលជំហរយ៉ាងម៉ើងម៉ាត់ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទៅលើសំណុំរឿងនេះ. ខណៈថ្មីៗនេះមានសេចក្តីថ្លែងការណ៍និងមតិមួយចំនួនដែលបានលើកឡើងប្រាស់ចាកពីការពិតដែលនាំឲ្យមានការភាន់ច្រឡំដល់សាធារណជន។ យ៉ាងណាក៏ដោយ ឯកឧត្តមព្រះរាជអាជ្ញា បានស្នើរអោយអ្នកសារព័ត៌មាន នៅពេលជួបករណីបំផ្លាញបរិស្ថានត្រូវរាយការណ៍ទៅសមត្ថកិច្ចអោយចុះអន្តរាគមន៍ គឺមិនត្រូវចាត់វិធានការណ៍ដោយខ្លួនឯងនោះទេ ពីព្រោះមានហានិភ័យខ្ពស់។

សូមរំលឹកថា អ្នកសារព័ត៌មានអនឡាញ មកពី អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្ត សៀមរាប លោក ឈឿង ឈឹង ត្រូវបានជនជាប់ចោទឈ្មោះ ស៊ី លឿយ លបលួចបាញ់ប្រហារដោយប្រើកាំភ្លើងកែច្នៃត្រង់ពោះបណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ ហើយបានស្លាប់នៅអាធ្រាតម៉ោង២យប់ ឈានចូលថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *