អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេមិនត្រូវយកព្រឹត្តិការណ៍ដ៏អកុសលនៃឃាតកម្មលើអ្នកកាសែត ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ !
ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ ក្នុងពេលចុះយកព័ត៌មានណាមួយដែលអាចបង្កហានិភ័យ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គភាពជំនាញ ដោយផ្តល់ព័ត៌មានទាំងនោះដល់សមត្ថកិច្ច ដើម្បីគាំទ្រដល់ការអនុវត្តការងារជំនាញក្នុងវិស័យសមត្ថកិច្ចពាក់ព័ន្ធ ដែលរួមចំណែកដល់ការអនុវត្តច្បាប់។ ទន្ទឹមនេះ ត្រូវចៀសវាងឱ្យបាន គឺកុំពាក់ព័ន្ធដាច់ខាត នឹងការកំហែងទារ ឬទង្វើផ្សេងទៀតដែលផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ។ សារអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាបត្រូវបានគេលបលួចបាញ់ប្រហារដោយអាវុធកែច្នៃហើយបណ្តាលអោយបាត់បង់ជីវិតកាលពីថ្ងៃទី៧ធ្នូ។ ទន្ទឹមនេះអ្នកនាំពាក្យក្រសួងព័ត៌មានបានស្នើដោយទទូចដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបការងារជាអ្នកសារព័ត៌មាន មិនត្រូវពាក់ព័ន្ធនឹងទង្វើដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្ដន៍សកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្ដីពីរបបសារព័ត៌មានបានកំណត់ឱ្យយើងក្នុងតួនាទីជាអ្នកសារព័ត៌មាននោះឡើយ។ យោងតាមរដ្ឋបាលខេត្តសៀមរាបបានអោយដឹងថា ក្រោយពេលករណីលបលួចបាញ់ប្រហារនេះបានកើតឡើង អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់ឪមុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។ ជនជាប់ចោទធ្វើមនុស្សឃាតខាងលើនេះមានឈ្មោះ ស៊ី លឿយ មានអាយុ៤០ឆ្នាំ មុខរបរកសិករ។បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ពេលនេះក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តសៀមរាបបាន កំពុងបន្តតាមដានការវិវត្តនៃដំណើរការនីតិវិធីហើយក្រសួងព័ត៌មានក៏ត្រៀមខ្លួនក្នុងការចូលរួមជួយជ្រោមជ្រែងក្នុងដំណើរការនៃការអនុវត្តនីតីវិធីជំនាញតាមការចាំបាច់នានា ក៏ដូចជាក្នុងក្របខណ្ឌនៃនីតិវិធីតុលាការផងដែរ។ យ៉ាងណាក៏ដោយគេមិនត្រូវយកករណីព្រឹត្តិការណ៍ដ៏អកុសលមួយនេះដើម្បីកេងចំណេញផ្នែកនយោបាយដល់ក្រុមណាមួយឡើយ ដោយសូមទុកភារកិច្ចអនុវត្តច្បាប់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់ជាធរមាន។ សូមរំលឹកថា អ្នកសារព័ត៌មានអនឡាញ មកពី អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្ត សៀមរាប លោក ឈឿង ឈឹង ត្រូវបានគេលបលួចបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ ហើយបានស្លាប់នៅអាធ្រាតម៉ោង២យប់ ឈានចូលថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕