សួនច្បារអមសង្ខាងស្ទឹងសង្កែ បានឆក់យកបេះដូងអ្នកទេសចរ
ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤
សួនច្បារសាធារណៈនៅអមសង្ខាងស្ទឹងសង្កែ នៃក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិងកំពុងតែឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលំហែកម្សាន្តមានការកើនឡើងជាហូរហែរ ។ បច្ចុប្បន្ន សួនច្បារនៅតាមបណ្តោយដងស្ទឹងសង្កែ ទាំងនៅខាងកើតស្ទឹង និងខាងលិចស្ទឹង ក្រៅពីកន្លែងសម្រាប់លំហែកម្សាន្តរបស់អ្នកទេសចរនោះ ឥឡូវកំពុងតែក្លាយទៅជាទីតាំងលំហាត់ប្រាណ ដែលមានសកម្មដ៏រស់រវើកមួយពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងក្រុងបាត់ដំបង សម្រាប់បង្កើននូវភាពស្រស់ថ្លានៃសុខភាព ។
អ្នកស្រី អិត សារ៉ូត និងអ្នកស្រី អិត សារ៉េន មកពីស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្ហាញពីភាពសប្បាយរីករាយនៅពេលដែលពួកគាត់បានមកដល់ក្រុងបាត់ដំបង ហើយមកឃើញសមិទ្ធផលដែលកើតឡើងពីការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការអភិវឌ្ឍន៍ទីក្រុង ជាពិសេសវិមានឯករាជ្យ និងសួនច្បារសម្តេចក្រឡាហោមវិមានឯករាជ្យ ដោយបានធ្វើការប្រៀបធៀបនឹងពេលមុនមកដល់នឹងពេលនេះមានភាពខុសគ្នាដាច់ស្រឡះ ហើយក៏ចង់ឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតនៅតាមតំបន់ផ្សេងៗទៀត ដើម្បីធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្តទៀត ។
ទាក់ទងនឹងការហាត់ប្រាណនៅតាមសួនច្បារអមសង្ខាងស្ទឹងសង្កែ នេះដែរ អ្នកស្រី អេង សុខា នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានបញ្ជាក់ថា អ្នកស្រី រួមជាមួយមិត្តភ័ក្ត្រមួយចំនួនបានមកហាត់ប្រាណនៅតាមសួនច្បារនេះជាប្រចាំ ដោយអ្នកខ្លះបានដើរហាត់តាមបណ្តោយដងស្ទឹងសង្កែ អ្នកខ្លះបានចូលកន្លែងរាំតាមចង្វាក់បទភ្លេង ដែលទាំងនេះសុទ្ធតែជាការហាត់ប្រាណតាមបែបផែនផ្សេងៗពីគ្នា និងបានធ្វើឱ្យសុខភាពរបស់គាត់កាន់តែមានភាពល្អប្រសើរ ពោលគឺមិនសូវមានកើតជំងឺដង្កាត់ផ្សេងៗនោះឡើយ ។
តាមរយៈនៃសួនច្បារអមសង្ខាងស្ទឹងសង្កែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះប្រជាពលរដ្ឋ និងអ្នកទេសចរជិតឆ្ងាយមកលេងកម្សាន្តនៅតាមបណ្តោយដងស្ទឹងសង្កែ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបបានមកហាត់ប្រាណ ដើម្បីបង្កើនសុខភាពរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើង ដែលទាំងនេះបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការចំណាយលើបញ្ហាសុខភាព ក្នុងការចំណាយទៅលើថ្លៃព្យាបាលជំងឺបានមួយផ្នែកផងដែរ ៕