សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននិងកំពុងតែកសាងកំពង់ផែនទឹកជ្រៅបន្ថែមនៅខេត្តកំពត ខេត្តកោះកុង
ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤
AKP ព្រះសីហនុ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានកំពុងតែកសាងកំពង់ផែនទឹកជ្រៅបន្ថែមក្នុងនោះមាននៅខេត្តកំពត ខេត្តកោះកុង ប៉ុន្តែកំពង់ផែនៅខេត្តព្រះសីហនុគឺជាកំពង់ផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំមកហើយ និងមានសក្ដានុពល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែចំនួន២៥៣ម៉ែត្រដែលសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃនេះនឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់បំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំឆ្នាំ។ សម្ដេចធិបតីបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានបំណងបង្កើតនិងសាងសង់កំពង់ផែនទឹកជ្រៅ ចំនួន២ ឬ៣បន្ថែមទៀត។ ការបង្កើតនេះដើម្បីប្រែក្លាយកំពង់ផែស្វ័យតព្រះសីហនុទៅជាកន្លែងផ្ទេរ ផ្ទុកដ៏សំខាន់មួយរបស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅ នៅក្នុងតំបន់ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញផ្ទាល់ពីកម្ពុជាទៅកាន់កំពង់ផែ នានានៅលើពិភពលោក»។
សម្តេចធិបតីមានប្រសាសន៍ថា នៅពេលដែលយើងជីកជម្រៅដល់១១.៥ម៉ែត្រនោះ នឹងធ្វើឱ្យកប៉ាល់ដែលដឹកក្នុងទ្វីអាស៊ីប៉ាស៊ីហ្វិកអាចដឹកចូលមកកាន់កំពង់ផែនយើងបាន៤៩.២៥% ហើយនាវាកម្រិតពិភពលោកបាន៣៨%។ ការដែលកប៉ាល់បានចូលមកដល់ផ្ទាល់កំពង់ផែនោះនឹងធ្វើឱ្យមានការកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា៖« យើងត្រូវធ្វើកំពង់ផែជាបីជំហ៊ានទៀត ប៉ុន្តែបច្ចុប្បន្ន ត្រូវច្នៃនូវអ្វីដែលមាន អីញ្ចឹងត្រូវច្នៃកន្លែងនេះរៀបចំឱ្យក្លាយជាផែថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់យើង។ ការជីកបន្ថែមនោះបានធ្វើពេលនេះយើងបានអនុញ្ញាតឱ្យកប៉ាល់ ប្រមាណ១៨% អាចចូលមកបាន ចំណែក៨២% ត្រូវសាងនៅខាងក្រៅដោយផ្ទេរ។ ដូច្នេះការដឹកជញ្ជូនត្រូវថ្លៃជាង»។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងផងដែរថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ៕