សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រីកកំពង់ផែខេត្ដព្រះសីហនុនាពេលនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជានៅគ្រប់ទីកន្លែង
ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤
AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជំរុញ និងពង្រីកកំពង់ផែខេត្ដព្រះសីហនុនាពេលនេះ នឹងជួយប្រទេសជាតិមានលំនឹង មានសក្កានុពលនាពេលអនាគត និងអាចមានការប្រកួតប្រជែង ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជានៅគ្រប់ទីកន្លែង។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការពង្រីកកំពង់ផែ នឹងធ្វើឱ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែកជាមួយប្រទេសជិតខាងបាន បន្ទាប់ពីចំណតផែកុងតឺន័របន្ថែមនៅខេត្តព្រះសីហនុ ដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញនាវាដឹកទំនិញធំៗ មកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។
សម្តេចធិបតីបន្ដថា កំពង់ផែនេះបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនសម្រាប់ចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងរៀបចំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជជាមជ្ឈមណ្ឌល ភស្តុភាកម្មប្រចាំតំបន់ ដើម្បីពង្រឹងមូលដ្ឋានឱ្យរឹងមាំ ធ្វើឱ្យសេដ្ឋកិច្ចមានភាពរីកចម្រើន និងអាចប្រគួតប្រជែកកាន់តែខ្លាំងក្លាបន្ថែមទៀត ។ ជាពិសេស រាជរដ្ឋាភិបាល បានបង្កើតឱ្យមានកំពង់ផែកំពង់ទឹកជ្រៅ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះ។
ក្នុងឱកាសនេះ សម្ដេចធិបតី បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានជួយកសាងសមិទ្ធផលជាច្រើន ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ។
បើគិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៤នេះ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៧លានតោន កើនឡើងខ្ពស់ ២៦,៥២% ក្នុងនោះ បរិមាណកុងតឺន័រឆ្លងកាត់សម្រេចបានជាង ៥៧ម៉ឺនTEUs កើនឡើងខ្ពស់ ២៦,១៨% និងចំណូលអាជីវកម្មមានចំនួនសរុបប្រមាណជាង ៦៦លានដុល្លារអាម៉េរិក កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលជាកំណើនដ៏ខ្ពស់ពុំធ្លាប់មានពីមុនមក៕