ក្រសួងព័ត៌មាន និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈនៃការយោគយល់គ្នា លើជំនួយឥតសំណងរបស់ឥណ្ឌា សម្រាប់ការអនុវត្តគម្រោងផ្តល់លទ្ធផលរហ័សដល់សហគមន៍ (QIP)
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌា រវាងក្រសួងព័ត៌មាន នៅទីស្តីការក្រសួងនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការបន្តគាំទ្រកម្ពុជារបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ក្រសួងព័ត៌មាន ដោយពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលសហគមន៍មូលដ្ឋានកំពុងជួបប្រទះ។ កន្លងទៅមិត្តឥណ្ឌា ក៏បានគាំទ្រការងារដ៏មានតម្លៃក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ណសារឌីជីថលជាតិ និងមជ្ឈមណ្ឌលទូរគមនាគមន៍សហគមន៍ (CTCs)។ គំនិតផ្តួចផ្តើមផ្តល់មជ្ឈមណ្ឌលដែលមានសារៈប្រយោជន៍នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងបង្កើនលទ្ធភាពទទួលបានព័ត៌មាននៅកម្រិតសហគមន៍ថែមទៀតផង។
គួរជម្រាបជូនថា អនុស្សរណៈនៃការយោគយល់ថ្មីនេះ ទាក់ទងនឹង ជំនួយឥតសំណងរបស់សាធារណរដ្ឋឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផ្តល់លទ្ធផលរហ័សដល់សហគមន៍ (QIP) ដែលគម្រោងនេះគឺជាការបន្ថែមនូវការគាំទ្រដល់សាលារៀនតាមសហគមន៍ដូចជាទី១ ការកែលម្អលទ្ធផលអប់រំ និងលទ្ធភាពប្រើប្រាស់៖ រួមមាន ការចែកកង់ដល់សិស្សានុសិស្ស , តាមដានអត្រាចូលរួមការអនុវត្តការសិក្សា ចំនួននៃអត្រាបោះបង់ការសិក្សា និងមតិកែលម្អរបស់សិស្ស ដើម្បីវាយតម្លៃឥទ្ធិពលនៃគម្រោង, ពង្រឹងស្មារតីទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សានុសិស្ស។ ទី២. ផ្តោតសំខាន់លើសុខភាព សុខុមាលភាព និងនិរន្តរភាព រួមមាន៖ សុខភាព សុខុមាលភាព និងនិរន្តរភាព , កាត់បន្ថយថ្លៃធ្វើដំណើរ, ការលើកទឹក ចិត្តដល់ការហាត់ប្រាណឲ្យបានទៀងទាត់ និងធ្វើអោយប្រសើរឡើងជាមួយនឹងសម្បទា និងការលើកកម្ពស់ជម្រើសនៃការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោង ដែលបានអនុម័តថ្មីដោយរដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រសហគមន៍សម្រាប់សាលារៀន និងគំនិតផ្តួចផ្តើមថាមពលពន្លឺព្រះអាទិត្យសម្រាប់ការទទួលបានព័ត៌មាន និងចំណេះដឹង ដែលគម្រោងទាំងពីរនេះ នឹងត្រូវបានអនុវត្តនៅក្នុងខេត្តក្រចេះ។ គម្រោងទាំងនេះមានប្រសិទ្ធភាពដើម្បីដោះស្រាយតម្រូវការសហគមន៍សំខាន់ៗ ដោយជួយសម្រួលដល់ការដឹកជញ្ជូនសិស្សានុសិស្សទៅសាលារៀន និងកែលម្អភ្លើងបំភ្លឺតាមខ្នងផ្ទះ និងទីសាធារណៈ។