ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុងហុងកុង ពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការទាក់ទាញភ្ញៀវវិនិយោគ
ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤
MoINFO APP
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងកុង ព្រមទាំងបានបង្ហាញគោលដៅអនុវត្តសកម្មភាពរួមគ្នាមួយចំនួន ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ហុងកុងមកកម្ពុជា ក៏ដូចជាឱកាសក្នុងការនាំយកនូវផលិតផលខ្មែរមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅទីក្រុងហុងកុង ប្រទេសចិន។
នៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២១ ខែសីហាថ្មីៗនេះ, ភាគីចិនបានបង្ហាញអំពីការគំាទ្រកម្ពុជាលើការអភិវឌ្ឍន៍ការអប់រំទៅដល់យុវជន និងការពង្រឹងកិច្ចសហការល្អក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ផងដែរ។
ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយរំពឹងទុកថាតាមរយៈកិច្ចសហការនេះ នឹងជំរុញនូវកំណើនសេដ្ឋកិច្ច និងផ្តល់នូវអត្ថប្រយោជន៍ជាអតិបរមាដល់ភាគីទាំងពីរ។
បើតាម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានចំនួនជិត៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ធ្វើឱ្យកម្ពុជាទទួលបាន ការបើកទូលាយទីផ្សារ តាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជាចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀងRCEPដោយកិច្ចព្រមព្រៀងទាំងពីរនេះបានជំរុញឱ្យការនាំចេញ និងទំនិញរបស់កម្ពុជាកាន់តែច្រើនអាចយកទៅលក់ នៅលើទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានផ្តល់លទ្ធភាពឱ្យកម្ពុជា នូវបរិមាណកូតាមួយចំនួនក្នុងការនាំចេញអង្ករ ដោយបច្ចុប្បន្ននេះឈានដល់ កម្រិតប្រមាណ៥០ម៉ឺនតោនហើយក្នុងមួយឆ្នាំ។ ក្នុងខែកក្កដាឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៣៩៦លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង ជូនប្រជាជនកម្ពុជា។ ក្នុងនោះការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្ដប់ ១៤,២៤% នៃទុនវិនិយោគសរុប៕