ព័ត៌មានជាតិ

កម្ពុជាបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរពីចក្រភពអង់គ្លេសកាន់តែច្រើនឡើង

កម្ពុជាបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរពីចក្រភពអង់គ្លេសកាន់តែច្រើនឡើង
ចេញផ្សាយ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥
នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នាជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា និងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ ព្រមទាំងការជួយជំរុញឱ្យមានការថត​ ឬ​ ផលិតភាពយន្តនៅប្រទេសកម្ពុជាពីសំណាក់ផលិតករល្បីពីចក្រភពអង់គ្លេស ឬ កម្រិតពិភពលោក។ល។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវទស្សនរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយឱ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេសកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ ហើយកំណើនចំនួនទេសចរពីចក្រភពអង់គ្លេសមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនពីចក្រភពអង់គ្លេស និងអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *