ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ​ម៉ាណែត ស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរ ផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ

សម្តេចធិបតី ហ៊ុន ​ម៉ាណែត ស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរ ផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៤–

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធគិតគូរផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះដែលកំពុងជាប់ក្នុងពន្ធនាគាររហូតដល់កូនមានអាយុ២ ឆ្នាំ ដូចកម្មការិនីនិងមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាលបានអនុវត្ដន៍។ ការស្នើរ​បស់សម្ដេចធិបតីនាយករដ្ឋ​មន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ” នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំស្នើឯកឧត្តម ហេង សួរ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គិតគូរចំពោះស្ត្រីមានផ្ទៃពោះកំពុងជាប់ពន្ធនាគារ ដែលកន្លងមកយើងមានសម្រាប់កម្មការិនី និងមន្ត្រីរាជការ។ ឥឡូវសូមគិតគូរផងចំពោះពិរុទ្ធជននៅក្នុងគុក»។

ការលើកឡើងរបស់សម្តេចធិបតីយ៉ាងដូច្នេះ ទាក់ទិននឹងករណីស្ត្រីជាប់ពន្ធនាគារមានផ្ទៃពោះនេះត្រូវបាន រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានលើកឡើងថា អ្នកនៅក្នុងគុកក៏មានអ្នកខ្លះមានផ្ទៃពោះ។ សម្តេចធិបតីបានបញ្ជាក់ថា៖« គាត់មានទម្ងន់ អីចឹងគាត់ក៏ត្រូវមានការគិតគូរ ទោះបីជាម្តាយជាប់ពន្ធនាគារ ដោយសារម្តាយមានកំហុស តែកូនអត់បានធ្វើខុសទេ »។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកគោលការណ៍គិតគូរចំពោះស្ត្រីជាប់ពន្ធនាគារនេះ ដោយការគិតមិនមានចំនួនច្រើននោះទេ ប៉ុន្តែត្រូវគិតគូរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ឱ្យដឹងថា៖ «យើងត្រូវគិតគូរ អំពីអត្ថប្រយោជន៍ផ្តល់ជូនគាត់ទៅដល់ស្ត្រីជាប់ទោស ហើយ​កំពុងតែមានទម្ងន់ ហើយបានឆ្លងទន្លេ ដោយឧបត្តម្ភដូចប្រជាពលរដ្ឋទូទៅ និងមន្ត្រីរាជការ»។

ក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន​ ម៉ាណែត ក៏បានអះអាងថា ករណីកូននៅក្នុងផ្ទៃនេះដែលគឺកូនមិនបានធ្វើខុសទេ ហើយសម្តេចផ្ទាល់ក៏ធ្លាប់ប្រាប់ថ្នាក់ដឹកនាំបរទេសថាសម្តេចធ្លាប់ជាប់ពន្ធនាគារផងដែរនៅពេលសម្តេចនៅក្នុងផ្ទៃម្តាយក្នុងសម័យខ្មែរក្រហម។ សម្តេចធិបតីបានថ្លែងបន្ថែមថា៖ «ខ្ញុំធ្លាប់ប្រាប់មេដឹកនាំបរទេសមួយចំនួនថាខ្ញុំធ្លាប់ជាប់គុកដែរ ហើយគេថាជាប់គុករឿងអ្វីដែរហ្នឹង? អត់ទេ គឺកាលពុករត់ទៅវៀតណាម គេចាប់ម៉ែដាក់គុក ហើយពេលនោះខ្ញុំក៏នៅក្នុងគុកដែរ ជាស្វ័យប្រវត្តិ៧ខែនៅក្នុងពោះ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខាងបេឡាជាតិរបបសន្តិសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា របស់យើងពិនិត្យ ពិភាក្សាគ្នាមើលរឿងនេះ។ សសម្ដេចធិបតីបានជំរុញឱ្យខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវពិនិត្យមើលករណីនេះ វាមិនអស់ប៉ុន្មានទេតែអស់ប៉ុន្មានក៏ត្រូវធ្វើដែរ ព្រោះវាជាកូនចៅរបស់យើង ។

សម្តេចធិបតីបានលើកឡើងទៀតថា៖ «ម្តាយធ្វើខុស គឺជារឿងគាត់ទទួលកំហុស ប៉ុន្តែនៅពេលគាត់មានផ្ទៃពោះ​កូននៅជាក្មេងជាកូនចៅរបស់យើង ហើយគ្នាអត់ដឹងអ្វីទេ។ ដូច្នេះ ត្រូវទទួលបានអត្ថប្រយោជន៍ដែលយើងបើកជូន ។ អីចឹង សូមគិតគូររឿងហ្នឹង ដូចក្មេងៗផ្សេងៗទៀតរហូតដល់២ឆ្នាំ តាមគោលការណ៍របស់យើង»៕

Leave a Reply

Your email address will not be published. Required fields are marked *