ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងធានានូវគុណភាពនៃការអប់រំ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងធានានូវគុណភាពនៃការអប់រំ
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤
KP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤–

«ឆ្អឹងខ្នងនៃវិស័យអប់រំគឺគ្រូបង្រៀនហ្នឹងឯង ដែលទ្រនូវវិស័យអប់រំគឺគ្រូបង្រៀន អ៊ីចឹងគុណភាពគ្រូ បើយើងភ្ជាប់តាមសមីការគឺគុណភាពគ្រូ គឺជាកត្តាគន្លឹះ នៅក្នុងការធានានូវគុណភាពនៃការអប់រំ និងសមត្ថភាពរបស់ប្រទេសនៅក្នុងការអភិវឌ្ឍ នេះគឺជាការភ្ជាប់គ្នា បាទ បើសិនជាគ្រូ មិនពូកែ គ្រូមិនចំណាប់ សិស្សចេញទៅក៏មិនចំណាប់ ធនធានមនុស្សយើងមិនចំណាប់ទៅធើអ្វីក៏មិនសូវចំណាប់ ប្រកួតគេមិនឈ្នះទេ»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្សនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើ ការពង្រឹងគ្រូដែលជាមូលដ្ឋាននៃការកែទម្រង់ វិស័យអប់រំ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រូត្រូវតែចេះច្បាស់ ទើបបណ្ដុះបណ្ដាលសិស្សឱ្យមានគុណភាពសម្រាប់ប្រទេសជាតិ និងអាចប្រកួតប្រជែងជាមួយគេបានលើឆាកអន្តរជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«លើកតម្កើងគុណភាពមនុស្ស គុណភាពមនុស្សជាកត្តាកំណត់នៃសមត្ថភាពប្រទេស អភិវឌ្ឍន៍ ទាល់មនុស្សខ្លាំងបានយើងអភិវឌ្ឍន៍ខ្លាំង បើប្រជាជនយើងអត់ចេះកុំព្យូទ័រ អត់ចេះភាសាអង់គ្លេស តើទៅយកកុំព្យូទ័រមកប្រើម៉េចកើត នៅតែសរសេរដៃដដែល តើយើងទាន់គេទេ អត់ទាន់ទេ»។

សូមជម្រាប់ជូនថា គរុនិស្សិត គរុសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកាលពីឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ ហើយដែលត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះ សរុប ២៦៦នាក់ ស្រី ១៨១នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *