ព័ត៌មានជាតិ

កងទ័ពអ៊ីស្រាអែល គ្រប់គ្រងប្រតិបត្តិការពេញលេញ លើច្រករបៀងហ្វីឡាដេលហ្វៀ

កងទ័ពអ៊ីស្រាអែល គ្រប់គ្រងប្រតិបត្តិការពេញលេញ លើច្រករបៀងហ្វីឡាដេលហ្វៀ
ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ —

កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានទទួលការគ្រប់គ្រងប្រតិបត្តិការពេញលេញនៃច្រករបៀងហ្វីឡាដេលហ្វៀ ដែលជាទឹកដីតាមបណ្តោយព្រំដែនរវាងប្រទេសអេហ្ស៊ីប និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដាញ៉ែល ហាហ្គារី (Daniel Hagari) បាននិយាយថា ច្រករបៀងនេះបានបម្រើជា «បំពង់អុកស៊ីសែន» របស់ក្រុមហាម៉ាស់ ដែលតាមរយៈនោះពួកគេបានរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

លោក ហាហ្គារី បាននិយាយថា «ក្រុមហាម៉ាស់បានទាញយកផលប្រយោជន៍ពីច្រករបៀង ហ្វីឡាដេលហ្វៀ ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនៅចម្ងាយរាប់សិបម៉ែត្រពីព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដើម្បីកុំឱ្យយើងវាយប្រហារពួកគេ» ។

លោកបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលក៏បានកំណត់ទីតាំងផ្លូវរូងក្រោមដីប្រហែល ២០ទីតាំង នៅក្នុងតំបន់ច្រករបៀងនេះដែលកំពុងត្រូវបានស៊ើបអង្កេត និងកម្ទេចចោល។

ច្រករបៀងហ្វីឡាដេលហ្វៀ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ៊ីស្រាអែលរហូតដល់ឆ្នាំ២០០៥ នៅពេលដែលកងកម្លាំង IDF បានចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប ហើយការគ្រប់គ្រងរបស់ក្រុមនេះត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរប៉ាឡេស្ទីន។ ពីរឆ្នាំក្រោយមក ក្រុមហាម៉ាសបានកាន់កាប់ច្រករបៀងនេះរហូតដល់មានជម្លោះនាពេលបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *