សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧
ចេញផ្សាយ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី គឺពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសគឺឆ្លើយតបទៅនឹងមុំទី៤ អាទិភាពការងារទី១ គឺលើកកម្ពស់សមត្ថភាពធនធានមនុស្សនៅក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ។
ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុបជិត ២ ០០០នាក់ នៃ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈមេធាវី និយាយជារួម វិជ្ជាជីវៈមេធាវី និយាយដោយឡែក គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋ តាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជូនជនងាយរងគ្រោះដោយឥតគិតថ្លៃ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសគាំទ្រចំពោះចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពការងារ របស់គណៈមេធាវី ជាពិសេសសកម្មភាពផ្តល់ជំនួយផ្លូវច្បាប់ ផ្សព្វផ្សាយច្បាប់ និងការពង្រឹងនីតិរដ្ឋ នាពេលកន្លងមក ដោយសកម្មទាំងភាពនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី៤ ជាពិសេសការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅក្នុងការពង្រឹងនូវគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពារបំពាន ដោយអយុត្តិធម៌នៅក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែល ជាកត្តារួមចំណែកដ៏សំខាន់នៅក្នុងការធានា ថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និង ភាពសុខដុមរម្យនានៅក្នុងសង្គមជាតិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលតែងតែគាំទ្រចំពោះសកម្មភាពរបស់គណៈមេធាវីតាមរយៈការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការការពារក្តីជូនជនក្រីក្រ ក្មេងស្រីក្រីក្ររងគ្រោះ ស្នើតែងតាំងតំណាងគណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និងគណៈកម្មការជាតិនានា ដូចជាគណៈកម្មការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក អនុគណៈកម្មការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ទានដល់ការរីកសាយភាយអាវុធប្រល័យលោក គណៈកម្មការចម្រុះកម្ពុជា សហភាពអឺរ៉ុបជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ពីតួនាទីរបស់មេធាវីនៅក្នុងការចូលរួមពង្រឹងនីតិរដ្ឋតាមរយៈការតែងតាំងមេធាវីឱ្យធ្វើជាទីប្រឹក្សាច្បាប់ជាមេធាវីប្រចាំរដ្ឋបាលរាជធានី/ខេត្តជាដើម ដោយសម្ដេចធិបតីអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះនឹងនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូនជាជនក្រីក្រ និងខ្សត់ខ្សោយដែលត្រូវការសេវាមេធាវីជាបន្តទៀត៕