ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រួលនីតិវិធី និងដោះស្រាយវិវាទពាក់ព័ន្ធនឹងអគារចំនួន១៤គម្រោង នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧៣៣ លានដុល្លារ

រាជរដ្ឋាភិបាល សម្រួលនីតិវិធី និងដោះស្រាយវិវាទពាក់ព័ន្ធនឹងអគារចំនួន១៤គម្រោង នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧៣៣ លានដុល្លារ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤
TVK

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទ ចំនួន ១៤ គម្រោង នារសៀលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤នេះ។

គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ គម្រោងទាំង ១៤ នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ។

ការសម្របសម្រួលនេះ ត្រូវបានធ្វើឡើងសម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។ ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។ ជាមួយនេះ, សហគ្រាស ឬ គម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និង សម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន ។

គួររំលឹកផងដែរថា ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។ តាមរយៈនេះ និង ជាបន្តបន្ទាប់ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៤១ ។ ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ២៣ បន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *