ព័ត៌មានជាតិ

សហគ្រិនខ្មែរសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម

សហគ្រិនខ្មែរសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម

ចេញផ្សាយ ថ្ងៃទី 

APP MoINFO

សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាប្រកបឱ្យមានភាពរស់រវើក បានដាក់សម្ពោធគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីថ្មីមួយស្ដីពីការបណ្ដុះបណ្ដាលសហគ្រិនភាព និងអភិវឌ្ឍអាជីវកម្មដ៏អស្ចារ្យ។

កម្មវិធីនេះប្រារព្វធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ, និងចូលរួមដោយ តំណាងក្រុមហ៊ុនហ្រ្គោ4ហ្រ្គោស ខនសាល់ធេន ឯ.ក ធនាគារសហគ្រាសធុនតូច និងមធ្យម, ក្រុមហ៊ុន វីង, ក្រុមហ៊ុនប៊ុកមីបឺស និងតំណាងពីដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ, គ្រូបង្វឹក ព្រមទាំងសហគ្រិន និងម្ចាស់អាជីវកម្មប្រម៉ាណជាង ៨០។

គម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ក៏ដូចជាផ្ដល់ជំនាញ ចំណេះដឹង និងការគាំទ្រចាំបាច់ ដល់សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងអ្នកជំនាញផ្នែកអាជីវកម្ម ដើម្បីកសាងសហគ្រាសដែលរីកចម្រើន និងប្រកបដោយនិរន្តរភាព។ តាមរយៈវគ្គបណ្ដុះបណ្ដាលទៅលើផ្នែកសំខាន់ៗដូចជា ការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម នឹងជួយផ្ដល់ជាកញ្ចប់មេរៀនដ៏រឹងមាំមួយ ទៅដល់អ្នកចូលរួម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងបរិបទអាជីវកម្មទំនើប។

កម្មវិធីសិក្សានៃគម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានរចនាឡើងដើម្បីដោះស្រាយតម្រូវការចម្រុះ ដែលសហគ្រិន និងអ្នកជំនាញផ្នែកអាជីវកម្មជួបប្រទះ។ មេរៀនសំខាន់ៗក្នុងគម្រោងមួយនេះមានដូចជា៖

(១) ការវាយតម្លៃសមត្ថភាពនិងគម្លាតជំនាញរបស់អ្នកចូលរួម ដើម្បីកំណត់ភាពខ្លាំង និងចំណុចដែលត្រូវការអភិវឌ្ឍបន្ថែម (២) វគ្គបណ្ដុះបណ្ដាលស្ដីពីការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម (៣) វគ្គបង្វឹកទាំងក្នុងក្រុម និងមួយទល់មួយ ដើម្បីផ្ដល់មតិស្ថាបនា និងការគាំទ្រ រួមទាំងជំរុញកិច្ចសហការ និងការរៀនសូត្រពីអ្នកចូលរួមដទៃ (៤) ថ្នាក់ Masterclass ដើម្បីចែករំលែកចំណេះដឹងបន្ថែម និងពង្រីកបណ្ដាញទំនាក់ទំនង។

“ការបណ្ដុះវប្បធម៌នៃសហគ្រិនភាព និងការផ្ដល់សិទ្ធិអំណាចទៅដល់បុគ្គលទាំងឡាយ ដើម្បីយកគំនិតរបស់ពួកគេទៅអភិវឌ្ឍចេញជាអាជីវកម្ម គឺជាបេសកកម្មស្នូលរបស់សហគ្រិនខ្មែរ” ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍។ “តាមរយៈការសហការរវាងក្រុមហ៊ុន Grow4Growth ក្នុងគម្រោងធុរកិច្ចជំនាន់ថ្មី សហគ្រិនខ្មែរមានសេចក្ដីសោមនស្សរីករាយក្នុងការផ្តល់នូវបទពិសោធន៍សិក្សា ដែលនឹងជួយគាំទ្រដល់ការរីកចម្រើននៃសហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកជំនាញផ្នែកអាជីវកម្ម ទៅមួយកម្រិតទៀត។”

Leave a Reply

Your email address will not be published. Required fields are marked *